សង្គម

រកឃើញ​មនុស្ស​៩នាក់​នៅ​ស្រុក​ល្វាឯម វិជ្ជមានកូវីដ​១៩

អភិបាលខេត្តកណ្តាល​បាន​ឲ្យដឹង​នៅ​យប់ថ្ងៃទី៩ មីនា ថា មាន​មនុស្ស​ចំនួន៩នាក់​រស់​នៅ​ស្រុកល្វាឯម ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ត្រូវ​បាន​ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ១៩។

យ៉ាងណាក៏ដោយ ក្រោយ​ទទួលបានលទ្ធផលនេះ អភិបាលខេត្តកណ្តាលបានចាត់វិធានការស្រាវជ្រាវបន្ទាន់ និងកំណត់មុខសញ្ញា ស្វែងរកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយពួកគាត់បន្ថែមទៀត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគ និងដាក់ឲ្យធ្វើចត្តាឡីស័ក ស្ថិតនៅឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។

ចំពោះអ្នកជម្ងឺកូវីដ-១៩ ទាំង៩នាក់ ត្រូវបានក្រុមគ្រូពេទ្យ នាំយកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ភ្លាមៗរួចហើយ។

ជាមួយគ្នា​នេះដែរ ដើម្បីគ្រប់គ្រងសភាពការណ៍ លោកអភិបាលខេត្ត​បានសម្រេចផ្អាកការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន ភូមិវាលធំ នៃឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម៕