ក្នុងលិខិតប្រគេនដល់ព្រះមេគណទាំង២៥រាជធានីខេត្ត ដែលធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ម្សិលមិញ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានបញ្ជាទៅដល់គ្រប់វត្តនៅទូទាំងប្រទេស កុំបន្តផ្តល់កន្លែងស្នាក់ ដល់ ភិក្ខុ ឡុង ចន្ថា ដែលល្បីល្បាញមានទំនាក់ទំនងជាមួយមនុស្សស្រីតាមរយៈបណ្តាញសង្គម ហើយត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាប់វិធានការឲ្យលាចាកសិក្ខាបទ។
តាមការបញ្ជាក់របស់សម្តេចសង្ឃនាយកថា ភិក្ខុ ឡុង ចន្ថា ពុំបានអនុវត្តនូវកិច្ចសន្យារបស់ខ្លួនក្នុងការលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នោះឡើយ ហើយថែមទាំងបានរំលោភលើកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសារមកហើយ។
លិខិតបន្តថា គណៈសង្ឃនាយកចាត់ទុកថា ភិក្ខុ ឡុង ចន្ថា ជាបុគ្គលរឹងរុស មិនលុះក្នុងធម៌វិន័យ និងការអប់រំ ជាអ្នកប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទំលុះរដ្ឋបាលសង្ឃ ពុំអាចឲ្យស្ថិតនៅក្នុងភេទជាបព្វជិតក្នុងពុទ្ធសាសនាបន្តទៀតបានឡើយ។
គួរបញ្ជាក់ថា កាលពីដើមខែឧសភានេះ ភិក្ខុ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំអង្គបូរី ត្រូវបានសាលាគណខេត្តតាកែវកោះហៅឲ្យធ្វើការបកស្រាយរឿងរ៉ាវឆាតសាសងជាមួយស្រ្តីភេទតាមបណ្តាញសង្គម ហើយពេលនោះ ភិក្ខុ ឡុង ចន្ថា បានសរសេរកិច្ចសន្យាថា នឹងលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា។ ប៉ុន្តែដល់ថ្ងៃកំណត់ ភិក្ខុ ឡុង ចន្ថា បែរជាមិនព្រមលាចាកសិក្ខាបទ ហើយថា ខ្លួននៅមិនទាន់អស់និស្ស័យជាមួយព្រះពុទ្ធសាសនា៕