ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់កាលពីថ្ងៃម្សិលមិញថា ដោយសារតែស្ថានភាពរីករាលដាល នៃជំងឺកូវីដ១៩នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួននាពេលបច្ចុប្បន្ន ក្រសួងសុខាភិបាល សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់អគារ នៃសណ្ឋាគារ The Great Duke អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ធ្វើជាមន្ទីរពេទ្យពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល។
ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាល ក្នុងការប្រមូលផ្តុំធនធានមនុស្ស សម្ភារបរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន ជួយសង្គ្រោះដល់អាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះ នៅក្នុងសហគមន៍។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានប្រាប់ទៅសាធារណជនទូទៅ ជាពិសេសប្រជាពលរដ្ឋ និងពាណិជ្ជករ អាជីវករទាំងអស់ ដែលរស់នៅ និងកំពុងប្រកបរបរផ្សេងៗនៅជាប់ និងក្បែរទីតាំងសណ្ឋាគារនេះថា វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សតាមដំណក់ទឹកតូចៗ ដែលចេញពីផ្លូវដង្ហើមរបស់អ្នកផ្ទុកវីរុស ហើយរហូតមកដល់ពេលបច្ចុប្បន្ន មិនមានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ថា វីរុសនេះឆ្លងតាមខ្យល់អាកាសនៅក្នុងទីលំហឡើយ។ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យខ្លាច និងបន្តរក្សាភាពនឹងនរក្នុងចិត្ត និងជឿទុកចិត្តលើវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល៕