ទីបំផុតទៅ សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានរដ្ឋសភាអនុម័តហើយនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ ក្នុងសម័យប្រជុំវិសាមញ្ញនីតិកាលទី៦។
សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង១៨មាត្រា ដោយវានឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតក្នុងពេលបច្ចុប្បន្ននិងពេលអនាគតសំដៅការពារអាយុជីវិតប្រជាពលរដ្ឋលើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។