សង្គម

ដីរដ្ឋរាប់សិបហិចតានៅស្រុក​គិរីវង់ ត្រូវអ្នកមានលុយកាប់ទន្រ្ទានយកធ្វើកម្មសិទ្ធិ អាជ្ញាធរថា មិនអាចហាមឃាត់បាន

ដីរបស់រដ្ឋរាប់សិបហិកតា ស្ថិត​នៅ​ក្នុង​ភូមិ​សាស្រ្ត​ឃុំរាមអណ្តើក ឃុំគោកព្រេច ឃុំកំពែង នៃស្រុកគិរីវង់ ត្រូវ​បាន​អ្នក​មាន​លុយ និង​មានអំណាច​នាំគ្នា​ចូល​ទៅ​កាប់ទន្រ្ទាន​យកធ្វើ​កម្មសិទ្ធ ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​ធ្វើការហាមឃាត់បាន។

បើតាម​សេចក្តីរាយការណ៍ ការ​ទន្រ្ទានដីរបស់រដ្ឋនៅ​ក្នុង​ឃុំទាំង៣ នៃស្រុកគិរីវង់នេះ គឺមាន​មនុស្ស​រហូត​ដល់ទៅ​១៥នាក់ ដែលខ្លះ​មានតួនាទីជា​មន្រ្តីសាលាខេត្តទៀតផង បានពាក់ព័ន្ធទៅនឹង​ការ​កាប់ទន្រ្ទានយកដីរដ្ឋដោយខុសច្បាប់នេះ។

ក្នុងនោះ នៅក្នុងឃុំរាមអណ្ដើក មានមនុស្សចំនួន៦នាក់ ទី១.ឈ្មោះ អ៊ូ សុធារឹទ្ធ រស់នៅភ្នំពេញទន្រ្ទានបានចំនួន២ហិចតាកន្លះ, ទី២.ឈ្មោះ ឃុត ប៊ុនធឿន ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃសាលាខេត្តតាកែវ ទន្រ្ទានបានចំនួន៧ហិចតា, ទី៣.ឈ្មោះ យុយ យីវ ទន្រ្ទានបាន៤ហិចតា, ទី៤.ឈ្មោះ យឹម ញ៉េន ទន្រ្ទានបាន១ហិចតាកន្លះ, ទី៥.ឈ្មោះ សាំង ឆុំទន្រ្តាន ទន្រ្ទានបាន៦ហិចតា និង ទី៦ឈ្មោះ នី សុគង់ ទន្រ្ទានបាន៩ហិចតា។

ចំណែក​នៅឃុំគោកព្រេច មានមនុស្ស​ចំនួន៤នាក់ ទី១.ឈ្មោះ ហេង នៅភ្នំពេញ, ទី២.ជួប កំសាន នៅភ្នំពេញ, ទី៣.ឈ្មោះ ឆែ វុត្ថា នៅឃុំគោកព្រេច, ទី៤.ឈ្មោះ ញ៉ែត សុខា នៅឃុំគោកព្រេច។

សម្រាប់ឃុំកំពែង អ្នកដែលទន្រ្ទានដីរដ្ឋមានចំនួន៥នាក់ ទី១.ឈ្មោះ កាន់ យឿន ទន្រ្ទាយកដីភ្នំបង្កូវ, ទី២.ឈ្មោះ ស្វាយ សារឹទ្ធ ទន្រ្ទានយកដីភ្នំជប់, ទី៣.ឈ្មោះ ឃុត សុផល មន្រ្តីសុរិយោដីខេត្តតាកែវ, ទី៤.ឈ្មោះ ភា មន្រ្តីប៉េអ៊ឹមស្រុកគីរីវង់ និងទី៥.ឈ្មោះ ម៉ឹង ទន ទន្រ្ទានដីភ្នំជប់ ដោយ​អ្នកទាំងនេះនៅមិនទាន់កំណត់ចំនួនដីបាននៅឡើយទេ។

ជុំវិញករណីខាងលើនេះ លោកស្រី កែវ សុផាត មេឃុំកំពែងបាននិយាយថា ដីទាំងនោះពិតជាដីរបស់រដ្ឋ តែអ្នកទន្រ្ទានបានដាំដំណាំជាយូរណាស់មកហើយ ហើយក៏មានអ្នកទន្រ្ទានថ្មីៗដែរ តែអាជ្ញាធរឃុំបានអប់រំជាច្រើនដងហើយនិងបានធ្វើរបាយការណ៏ជូនលោកអភិបាលស្រុក តែមកទល់ពេលនេះលោកស្រីមិនបានទទួលផែនការណាមួយពីលោកអភិបាលស្រុកគីរីវង់នៅឡើយ។

សម្រាប់​លោក ឈិន ប៉ន មេឃុំគោកព្រេចវិញ បានថ្លែងថា ពិតជាមានអ្នកយកគ្រឿងចក្រមកឈូសឆាយដីរបស់រដ្ឋពិតមែន ដោយលោកបានឲ្យ​កំលាំងរដ្ឋបាលព្រៃឈើឃុំគោកព្រេចចុះទៅចាប់ ស្រាប់តែមកទល់ពេលនេះក្រុមអ្នកឈូសឆាយបានដាំដំណាំលើដីរបស់រដ្ឋរួចរាល់ហើយ។ លោកមេឃុំបន្តថា ការផ្អើលឈូសឆាយដីរដ្ឋនៅក្នុងឃុំរបស់លោក គឺទើបតែរយៈពេល១ខែនេះទេ។

ចំណែកលោក ប៉ែន ថុល មេឃុំរាមអណ្ដើក វិញ បានថ្លែងថា នៅក្នុងឃុំរបស់លោក គឺមានពលរដ្ឋអាស្រ័យផលជាយូរណាស់មកហើយ ដោយ​មានទាំងដំណាំថែមទៀតតែដីនោះគឺជាដីរបស់រដ្ឋ។

នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ​២០២១នេះ យើង​នៅ​មិន​ទាន់អាច​ស្វែង​រក​ការ​បកស្រាយ​ណាមួយ​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​នៅ​ឡើយទេ៕