សង្គម

អាជ្ញាធរ​ខេត្ត​កំពង់ចាមអំពាវនាវ​អ្នកពាក់ព័ន្ធនឹងមង្គលការមួយនៅឃុំពាមជីកងទៅ​ពិនិត្យ​សុខភាព និង​យក​សំណាក ក្រោយ​បុរស​ម្នាក់​នៅទួលសង្កែដែលចូលរួមមង្គលការនោះវិជ្ជមាន​កូវីដ​១៩

រដ្ឋបាល​ខេត្ត​កំពង់ចាមបានធ្វើការ​អំពាវនាវ​កាលពីថ្ងៃម្សិលមិញ ដល់អ្នកពាក់ព័ន្ធដែលបាន​ចូលរួម​ក្នុង​ពិធី​មង្គល​ការ​មួយ​នៅ​ភូមិ​កោះតូច ឃុំ​ពាមជីកង ស្រុក​កង​មាស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០២១ ទៅពិនិត្យសុខភាព និង​យកសំណាក ក្រោយ​ពីបុរស​ម្នាក់​នៅ​សង្កាត់ទួលសង្កែ ត្រូវ​គេ​រកឃើញវិជ្ជមាន​វីរុស​កូវីដ​១៩ ហើយ​បុរស​រូបនោះ​បានទៅចូលរួម​ពិធី​មង្គល​ការនោះ។

បើ​តាម​ការ​បញ្ជាក់របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម អ្នកដែលពាក់ព័ន្ធនៅ​ក្នុង​ពិធី​មង្គល​ការនោះ គឺមាន ឪពុកម្តាយ​កូន​ក្រមុំ ដែល​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ និង​ស្នាក់​នៅ​ម្តុំ​ក្រោយ​មន្ទីរពេទ្យ​កាលម៉ែត, ឪពុកម្តាយ​កូន​កំលោះ បានត្រឡប់​ទៅស្រុកវិញ នៅ​ភូមិ​ត្រពាំង​ល្បើក ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្ត​កំពត, កូនកំលោះកូន​ក្រមុំ និង​អ្នក​កំដរ បានត្រឡប់​ទៅ​ភ្នំពេញវិញ, អ្នក​រួម​តុជាមួយ​ផ្ទាល់ មាន​ដូចជា​ក្រុម​អ្នក​សំអាងការ និងអ្នកថតរូប រស់​នៅ​ភូមិ​ព្រៃទទឺង និង​ភូមិ​វាល​ស្បូវ ឃុំឬស្សីស្រុក ស្រុក​ស្រីសន្ធរ ព្រមទាំង​ប្រជាពលរដ្ឋ​ចំនួន ២នាក់​ផ្សេង​ទៀត រស់​នៅ​ភូមិ​ដំណាក់ជ្រៃ ឃុំពាមជីកង ស្រុក​កង​មាស។

ជាមួយ​គ្នា​នេះ ចុងភៅ​ អ្នក​លើក​ម្ហូប និង​មេចុងភៅ រស់​នៅ​ភូមិ​ត្រើយ​បឹង ឃុំឬស្សីស្រុក ស្រុក​ស្រីសន្ធរ ក៏​មាន​ពាក់ព័ន្ធដែរ៕