សង្គម

ក្រសួងមហាផ្ទៃ​សម្រេច​បណ្តេញនាយកសារព័ត៌មាន Angkor Today ចេញពី​កម្ពុជា

ក្រសួងមហាផ្ទៃ​នៅថ្ងៃនេះ បានសម្រេច​បណ្តញ​លោក Shen Kaidong ជនជាតិចិន ដែលជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា និង​ហាមឃាត់​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​ជាថ្មី​ទៀត​ឡើយ។

ការ​បណ្តេញនេះ គឺធ្វើ​ឡើង​ក្រោយ​ពីនាយក​សារព័ត៌មាន Angkor Today រូបនេះ បានធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មានជា​ភាសាចិន ដោយ​ថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ»។

ក្រោយ​ការ​ផ្សាយ​នេះ បានធ្វើ​ឲ្យ​មាន​ការ​ថ្កោល​ទោស​យ៉ាងខ្លាំង​ពីក្រសួងសុខាភិបាល​កម្ពុជា, លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានថ្លែងថា «យើងមិនមានឱ្យអ្នកដែលទៅចាក់បង់ប្រាក់នោះទេ ហើយបច្ចុប្បន្ននេះយើងអត់មានវ៉ាក់សាំងណាដែលចាក់ឱ្យក្នុងតម្លៃហ្នឹង (១២០ដុល្លារ)ដែរ ពីព្រោះវ៉ាក់សាំងយើងមានកម្រិត ហើយយើងសុទ្ធតែកំណត់មុខសញ្ញាសម្រាប់ក្រុមមនុស្សដែលត្រូវមកចាក់ ហើយយើងមានបញ្ជីឈ្មោះអ្នកចាក់ត្រឹមត្រូវ»។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ​បានបញ្ជាក់ថា ក្រោយ​ការឃាត់ខ្លួនសួរនាំ ជនជាតិចិនរូបនេះ បានទទួលស្គាល់លើកំហុសវិជ្ជាជីវៈ ដោយសារតែទទួលបានសារអនាមិកដែលថា មានការយកថ្លៃសេវាចាក់វ៉ាក់សាំងកូវីដ១៩ ប្រមាណ១២០ដុល្លារក្នុងម្នាក់ៗ នៅមន្ទីរពេទ្យកាល់ម៉ែត ហើយបានផ្សព្វផ្សាយបន្ត ដោយមិនបានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា៕