ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការក្រើនរំលឹក ដល់ម្ចាស់ភោ
ជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ ត្រូវតែប្រុងប្រយ័ត្នចំពោះការឆ្លង នៃជំងឺកូវីដ១៩ ។ ការក្រើនរំលឹកនេះ គឺក្រោយពីពិនិត្យឃើញថា បន្ទាប់ពីមានការជាសះស្បើយជំងឺកូវីដ១៩អស់នៅកម្ពុជា គឺឃើញថា នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្ន ទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។
យ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំចំនួន៣ចំណុច ដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ ដូចជា ៖ ១.ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន ទាំងអស់នៅរាជធានីភ្នំពេញ ត្រូវគោរពឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩, ២.ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃនៅមុខច្រកទ្វារចេញចូល និងត្រូវចាត់តាំងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតឲ្យចូលក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋាន, និង ៣.ត្រូវរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ដែរថា ក្នុងករណីម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានណាមិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាននោះជាបណ្តោះអាសន្ន៕