សង្គម

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា វីរុសដែលរកឃើញ​ក្នុងសត្វប្រចៀវ​នៅ​កម្ពុជា​កាលពីឆ្នាំ​២០១០ មិនមែនជា​វីរុស​កូវីដ​១៩ ទេ

ក្នុងសន្និសីទសារព័ត៌មាន​នៅព្រឹកថ្ងៃនេះ (២៣ កុម្ភៈ) លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាលបានបញ្ជាក់ថា វីរុស​ដែលត្រូវ​រកឃើញនៅ​ក្នុងសត្វប្រចៀវ​កាលពីឆ្នាំ​២០១០នោះ គឺពុំ​មែនជាវីរុស​កូវីដ​១៩ ដែល​កំពុង​កើត​ឡើង​ក្នុង​ពិភពលោក​នោះទេ តែវាជាបងប្អូនជីដូនមួយ​នឹង​គ្នា។

«ការសិក្សារបស់​វិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា នៅលើ​សត្វប្រជៀវកន្លងមកនេះ ក្នុងឆ្នាំ២០១០ គ្រាន់តែមានការរកឃើញ​នៅលើសត្វប្រជៀវពីរ នៅក្នុងចំណោម​សត្វប្រជៀវ​មួយចំនួននៅពេលនោះ ហើយចំនួននៃការសិក្សាក៏តូចដែរ មិនធំទេ។ តែគេសង្កេតឃើញ​សត្វប្រជៀវពីរ ដែលគាត់រកឃើញ​មាន សត្វប្រជៀវនោះ មានការពាំនាំក្នុងខ្លួនរបស់គាត់ គឺមានវីរុស​ប្រហាក់ប្រហែល​ទៅនឹង​ SARS-COV-2 តែមិនមែនជាកូវីដ១៩ទេ។ កន្លែងហ្នឹងត្រូវតែច្បាស់ទាំងអស់គ្នា»។

លោកជំទាវបានបញ្ជាក់ទៀតថា មកដល់ពេលនេះគេ​មិនទាន់សិក្សាឃើញច្បាស់ថា តើកូវីដ១៩ កើតចេញពីប្រភពណានោះទេ៕