សង្គម

មន្រ្តីបរិស្ថាន​សោក​ស្តាយ​ចំពោះ​សត្វខ្ទីង​១ក្បាល​ដែល​ងាប់ដោយ​សារ​ការ​បរបាញ់នៅខេត្តមណ្ឌលគិរី

កាលពីពេលថ្មីៗនេះ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានល្បាតក្នុងភូមិសាស្រ្តក្នុងតំបន់ការពារធម្មជាតិ ឋិតក្នុងភូមិសាស្រ្តភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយបានប្រទះឃើញសំណាកសត្វខ្ទីង ចំនួន១ក្បាល បានងាប់។

បើតាមការសន្និដ្ឋាន គឺសត្វខ្ទីង១ក្បាលនេះ បានងាប់តាំងពីក្នុងអំឡុង១ខែមុន ដោយសារការបរបាញ់ ព្រោះមានសភាពនិងក្លិនស្អុយរលួយ ហើយបានបាត់ក្បាល និងស្នែង។

មន្ត្រីឧទ្យានុរក្ស និងអ្នកអភិរក្ស បាន​សម្តែង​ការ​សោកស្តាយ និង​សូមអំពាវនាវ ឲ្យមានការ​ចូលរួមការពារសត្វព្រៃ និងបញ្ឈប់នូវអំពើបរបាញ់ និងការដាក់អន្ទាក់​សត្វព្រៃគ្រប់ព្រភេទ ដែលជាអំពើល្មើសច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដើម្បីការពារនិងអភិរក្សសត្វព្រៃឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕