សង្គម

សម្តេចតេជោឯកភាព ឲ្យ​មាន​ការ​បណ្តេញ​ចេញ និង​លែង​ឲ្យ​ចូលប្រទេសវិញ ចំពោះជនបរទេស​ដែលគេចវេះ មិនសហការធ្វើចត្តាឡីស័ក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា កាលពីថ្ងៃទិ២២ កុម្ភៈ ម្សិលមិញ បាន​ចារយល់ព្រម​ ចំពោះវិធានការច្បាប់ចំនួន៣ ដោយ​ក្នុងនោះ ក៏​មាន​ការ​បណ្តេញ​ជនបរទេស ហើយ​មិន​ឲ្យ​ត្រឡប់​មក​កម្ពុជាវិញ ករណីគេចវេះ និង​មិន​ព្រម​សហការក្នុងការធ្វើចត្តាឡីស័ក។

តាមរយៈ​លិខិត​មួយ​ច្បាប់​ផ្ញើជូន​សម្តេចតេជោ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានលើកឡើងថា ក្នុងព្រឹត្តិការណ៍សហគមន៍ «៣វិច្ឆិកា», «២៨វិច្ឆិកា» និង «២០កុម្ភៈ» អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ តែងតែជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន។ ក្នុងនោះមានបញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័កជាដើម ព្រមទាំងទីតាំងពាក់ព័ន្ធមិនសហការចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ។

ដូច្នេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានស្នើ​វិធានការចំនួន ៣ចំណុច នោះរួមមាន៖ ចំពោះជនបរទេស បណ្តេញចេញពីប្រទេសកម្ពុជា និងហាមចូលប្រទេសជាថ្មី, ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនជាតិខ្មែរ និងសម្រាប់ម្ចាស់ទីតាំង សូមដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

សំណើវិធានការទាំង៣ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចារយល់ព្រមនៅថ្ងៃដដែលនោះផងដែរ៕