កាលពីថ្ងៃទី១៨ កុម្ភៈ កន្លងទៅនេះ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្រ្កាបករណីគ្រឿងញៀនឆ្លងខេត្ត ដោយឃាត់ខ្លួនបានមនុស្សចំនួន២នាក់ និងគ្រឿងញៀនជាង១គីឡូក្រាម។
យោងតាមរបាយការណ៍ថា ដំបូងឡើយ នៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថតាកែវ បានបើកប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀននៅចំណុចភូមិគ្រួស ស្ថិតក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហេង លឹមគាន់ ភេទប្រុស អាយុ២៣ឆ្នាំ ដោយដកហូតបានគ្រឿងញៀន៣កញ្ចប់ មានទម្ងន់ជាង១រយក្រាម។ ក្រោយការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីនារីម្នាក់នៅម្តុំវត្តស្លែង រាជធានីភ្នំពេញ។
បន្ទាប់មកនៅវេលាម៉ោងប្រមាណជាង៤រសៀល កម្លាំងអាវុធហត្ថខេត្តតាកែវ ក៏បានសហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថខណ្ឌដង្កោ ចុះឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ ស្រ៊ុន ស្រី មុំ អាយុ២៧ឆ្នាំ នៅមុខសាលាបឋមសិក្សាពងទឹក ដោយដកហូតបានគ្រឿងញៀនចំនួន ១៥កញ្ចប់ ដោយគិតជាទម្ងន់ប្រមាណជាង១គីឡូក្រាម។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចនាំយកទៅសាកសួរ និងស្រាវជ្រាវដើម្បីរកមេក្លោងបន្ត៕