យោងតាមលិខិតមួយរបស់ក្រសួងការបរទេសកម្ពុជា ផ្ញើទៅកាន់ស្ថានទូតវៀតណាមប្រចាំនៅរាជធានីភ្នំពេញ ដែលជាការប្រញាប់បំផុតនោះបានបញ្ជាក់ថា កម្ពុជានឹងធ្វើការបិទរាល់ការធ្វើដំណើរទាំងអស់មកកម្ពុជាតាមគ្រប់ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងអំឡុងពេលសុភាព នៃការរឹតត្បិតការធ្វើដំណើររបស់ប្រទេសវៀតណាម ដែលបានចូលជាធរមានចាប់ពីម៉ោងសូន្យ ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ។
ការបិទនេះ គឺដើម្បីចៀសវាងការលំបាក ដែលអាចកើតឡើងនៅច្រកព្រំដែនរួមរវាងប្រទេសទាំងពីរ ដោយយោងលើការកើនឡើងយ៉ាងគំហុក នូវការរកឃើញករណីឆ្លងវីរុស Covid-19 ខណៈពេលដែលប្រទេសវៀតណាមបានដាក់កម្រិតលើការធ្វើដំណើរ ដែលតម្រូវឲ្យមានការដាក់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរមកពីប្រទេសសមាជិកអាស៊ាន រួមទាំងជនជាតិវៀតណាម ដែលវិលត្រឡប់ចូលស្រុកវិញផងដែរ។
សម្រាប់កម្ពុជា ការធ្វើដំណើរចូលប្រទេសកម្ពុជាដោយពលរដ្ឋវៀតណាម និងការធ្វើដំណើរចូលប្រទេសវៀតណាម ដោយពលរដ្ឋកម្ពុជា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្តោះអាសន្នចាប់ពីម៉ោង ២៣ និង៥៩នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ ហើយវិធានការនេះ មានគោលបំណងបញ្ចៀសនូវការលំបាកចំពោះពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវឲ្យបង្ខាំងខ្លួននៅដាច់ពីគេ ក្រោយពីបានធ្វើដំណើរពីប្រទេសកម្ពុជា ចូលទៅប្រទេសវៀតណាម៕