បើទោះជាសមត្ថកិច្ចធ្វើការបង្រ្កាបជាញឹកញាប់ ដោយក្នុងនោះក៏មានការចាប់ខ្លួនអ្នកដាំក៏ដោយចុះ ប៉ុន្តែដំណាំកញ្ឆានៅតែត្រូវគេលួចលាក់ដាំនៅតាមតំបន់ភ្នំក្នុងស្រុកគិរីវង់ ដោយពលរដ្ឋបានលើកឡើងថា នោះក៏ព្រោះតែក្រុមឈ្មួញនៅតែមានការបញ្ជាទិញ។
ប្រជាពលរដ្ឋបានលើកឡើងថា ការដាំដុះដំណាំកញ្ឆានៅតំបន់ខាងលើ វាបានក្លាយជាដំបៅមហារីករាប់ឆ្នាំមកហើយ ដែលក្រុមសមត្ថកិច្ចក្នុងខេត្តតាកែវទាំងមូលមិនអាចទប់ស្កាត់បានហើយពលរដ្ឋមួយចំនួនក៏ត្រូវបានឃាត់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារជាច្រើននាក់ដែរ តែពួកគាត់មិនបានផ្លាស់ប្ដូរទម្លាប់ឡើយ ពោលគឺរឹតតែដាំដុះបន្ថែមទៀតដោយសារតែមានក្រុមឈ្មួញនៅពីខាងក្រោយខ្នងរបស់ពួកគាត់។
ពាក់ពន្ធ័ករណីខាងលើលោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់បានឲ្យដឹងថា រឿងដំណាំកញ្ឆា គឺកំលាំងរបស់លោកធ្វើការបង្ក្រាបជាបន្តបន្ទាប់ដូចភ្លៀងរលឹម។ បើតាមលោកអធិការថា តាមចម្លើយសារភាពរបស់អ្នកដាំ កញ្ឆាដែលប្រមូលផលគឺត្រូវក្រុមឈ្មួញដឹកយកទៅខេត្តព្រះស៊ីហនុ ខេត្តកោះកុង និងខេត្តពោធ៏សាត់។
គួរបញ្ជាក់ដែរថា កាលពីចុងសប្តាហ៍កន្លងទៅនេះ កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនអ្នកលួចដាំដុះដំណាំកញ្ឆាខុសច្បាប់នៅជួរភ្នំបាយ៉ង់កោ ដែលស្ថិតនៅក្នុងស្រុកកីរីវង់ ខេត្តតាកែវផងដែរ ហើយកម្លាំងក៏បានធ្វើការកាប់បំផ្លាញដើមកញ្ឆាចោលចំនួន១៥០ដើម អាងស្តុបទឹកចំនួន០១ រោងស្នាក់នៅចំនួន០១ផងដែរ៕