សង្គម

កក្រើកពេញខេត្តព្រៃវែង ក្រោយ​បុរស​ជាប៉ូលិសម្នាក់ស្រវឹងទៅវាយម្ចាស់ហាង ព្រោះតែខឹងហៅស្រីក្មេងទៅដេកមិនបាន

ព្រៃវែង៖ ស្ដ្រីជាម្ចាស់ហាង KTV ម្នាក់បានរបួស និងសម្ភារៈក្នុងហាងបានរងការខូចខាត ក្រោយ​ពីមានភ្ញៀវមួយក្រុមដែលមានគ្នា៥នាក់ ចូលមកផឹកស៊ីរួចអុកឡុក ព្រោះតែខឹងនារីក្នុងហាង មិនព្រមទៅដេកជាមួយ។

ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១រំលង​អធ្រា្រត​ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ នៅចំណុចហាងយីហោ «ជំនោរ.មករា» ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

បើតាមការរៀបរាប់របស់ប្ដីស្ដ្រីរងគ្រោះថា នៅមុនពេលកើតហេតុ ក្រុមជនបង្កដែល​មានគ្នា៥នាក់បានចូលមកផឹកស៊ីច្រៀង KTV នៅក្នុងហាងរបស់ខ្លួន ដោយហៅនារីមកអង្គុយកំដរចាក់ស្រា លុះដល់ពេលកើតហេតុ ដោយសារ​ស្រវឹងជោគជាំខ្លាំង ឈ្មោះ ហាក់ លី (ជនបង្ក) ដែលមានតួនាទីជាមន្រ្តីប៉ូលិស បានបបួលស្រីក្នុងហាង(ដៃគូកំដរ) ឲ្យ​ទៅដេកជាមួយខ្លួននៅផ្ទះសំណាក់ ។ ពេលនោះនារីរូបនោះបានប្រកែកមិនព្រមទៅដេកជាមួយ ធ្វើ​ឲ្យ​ឈ្មោះ ហាក់ លី ឡូឡារអុកឡុក វាយទាត់ធាក់សម្ភារៈក្នុងហាងខូចខាតមួយចំនួន, ហើយ​ពេលនោះ ស្រ្តីម្ចាស់ហាងឈ្មោះ ឡោ សារុំ បានចេញមកសួរនាំ ស្រាប់តែឈ្មោះ ហាក់ លី ស្ទុះទៅវ៉ៃត្រូវ១ដៃចំគល់ក.បណ្ដាលឲ្យ​របួសជាំក ហើយ​ជនបង្កក៏​បានចូលទៅបើកទ្វាររថយន្ត រួចដកកាំភ្លើងខ្លីអាម៉េ សំឡុតភ្ជង់ប្រុងបាញ់សម្លាប់ម្ចាស់ហាងចោលទៀត។

ក្រោយពីមានករណីនេះកើតឡើង ឈ្មោះ ហាក់ លី ដែលមានតួនាទីជាមន្រ្តីប៉ូលិសនោះ បានដាក់ពាក្យ​ប្តឹង​ម្ចាស់ហាងនេះវិញ ដោយ​ចោទប្រកាន់ពីបទបរិហាកេរ្តិ៍​ធ្វើ​ឲ្យ​មាន​ការ​រើសអើង ក្រោយ​ពីកូនម្ចាស់ហាង​បានបង្ហោះវីដេអូ​នៅពេលកើតហេតុនោះនៅលើ​បណ្តាញសង្គម។

យ៉ាងណាក៏ដោយ ចំពោះករណីនេះ យើង​មិន​អាចទាក់ទងស្វែងរកការបំភ្លឺពីឈ្មោះ ហាក់ លី នេះ បាន​នៅ​ឡើយទេនៅថ្ងៃនេះ៕