សង្គម

អ្នកជំងឺកូវីដ១៩ចុងក្រោយនៅកម្ពុជាជាសះស្បើយ

អ្នកជំងឺកូវីដ១៩ ទី១២២ នៅ​កម្ពុជា បាន​ជាសះ​ស្បើយហើយ​នៅ​ថ្ងៃទី១៦ ខែឧសភា និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញពីមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀតនៅព្រឹកមិញ។

អ្នកជំងឺដែលជា​សះស្បើយ​ចុងក្រោយនេះ គឺជាស្រ្តីអាយុ៣៦ឆ្នាំ រស់​នៅ​ភូមិ​ប៉ាលេឡៃ សង្កាត់ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ។ គាត់​ត្រូវ​បាន​រកឃើញ​វិជ្ជមាន​ជំងឺកូវីដ​១៩ កាលពីខែមីនា ហើយ​ត្រូវ​បាន​នាំ​យក​ទៅ​ធ្វើ​ការ​ព្យាបាលនៅ​មន្ទីរពេទ្យ​ខេត្ត​បន្ទាយមានជ័យ បន្ទាប់មក​ក៏​ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២០។

យ៉ាងណាក៏ដោយ បើទោះ​បីជា​ពេល​នេះ កម្ពុជា​លែង​សេសសល់អ្នកជំងឺកូវីដ​១៩ និង​ពុំ​រកឃើញ​ករណីថ្មី​រយៈ​ពេលជាង​១ខែកន្លងមក​​ក្តី តែ​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​កម្ពុជា នៅតែធ្វើ​ការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ចូលរួម​អនុវត្តន៍​វិធានការ​ការពារ​ខ្លួន ដោយថា យើងនៅមាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​អនុវត្តន៍​ជា​បន្តបន្ទាប់ ជាពិសេសការត្រួតពិនិត្យដោយ​ហ្មត់ចត់​នូវ​សុខភាព​អ្នកដំណើរ​ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដើម្បីចៀសវាង​ការ​នាំចូលនូវីរុស​កូវីដ១៩, ហើយ​បុគ្គល​គ្រប់រូប ក៏​ត្រូវ​តែមាន​ការ​ប្រុងប្រយ័ត្ន និង​អនុវត្ត​វិធានការការពារ​ការ​ចម្លង​ឲ្យ​បាន​ជាប់ជានិច្ចផងដែរ៕