កម្លាំងចម្រុះដែលមានការចូលរួមពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីពេលថ្មីៗនេះបានចុះធ្វើការត្រួតពិនិត្យក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអុីនធឺណិត ពីរកន្លែងនៅក្នុងទីក្រុងប៉ោយប៉ែត ហើយបានរកឃើញថា ទីតាំងទាំងពីរនេះមិនមានអាជ្ញាប័ណ្ណអនុញ្ញាត ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទេ។
ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រុមសមត្ថកិច្ចចម្រុះ បានសម្រេចបិទទ្វារក្រុមហ៊ុន ដោយរឹបអូសយកគ្រឿងឧបករណ៍បម្រើសេវាអុីនធឺណិត និងបានឃាត់ខ្លួនអភិបាលក្រុមហ៊ុនចំនួន ៣នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រកបមុខរបរផ្គត់ផ្គង់សេវាកម្មអុីនធឺណិតដោយមិនមានអាជ្ញាប័ណ្ណអនុញ្ញាត សូមរួសរាន់ទៅចុះបញ្ជីតាមច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងពីការបិទអាជីវកម្មពីអាជ្ញាធរ ព្រោះកម្លាំងចម្រុះនឹងបន្តសហការគ្នាដើម្បីចុះបង្ក្រាបជាបន្តបន្ទាប់នាពេលខាងមុខនេះ៕