សង្គម

សមត្ថកិច្ច​កំពុងស្រាវជ្រាវរកជនសង្ស័យដែលប្រើហិង្សាលើក្មេងពីរនាក់ ព្រោះតែធ្វើឲ្យ​សារិការបស់ខ្លួនងាប់

ស្នងការនគរបាល​ខេត្ត​ឧត្តរមានជ័យ​បាន​ឲ្យដឹងថា ក្រោយ​ពីទទួល​ព័ត៌មានពីករណីហិង្សា​លើ​ក្មេង​ស្រី​ចំនួន២នាក់ លោក​បាន​បញ្ជាកម្លាំងអធិការនគរបាលក្រុងសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ ធ្វើការស្រាវជ្រាវហើយ។

សូម​បញ្ជាក់ថា ករណីហិង្សាលើក្មេងស្រីជាអនិតិជននេះ បានកើតឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង១៨នឹង០០នាទី នៅចំណុចផ្លូវលេខ៤ ភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

តាម​ការ​របស់លោកស្នងការថា ជនសង្ស័យឈ្មោះ ពែង រដ្ឋា ហៅ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ។

ជនសង្ស័យបានធ្វើសកម្មភាពយករំពាត់មែកឈើ វាយទៅលើជនរងគ្រោះឈ្មោះ ផាត លីហ្សាប ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិកើតហេតុ និងឈ្មោះ ផាត ស្រីង៉ិក ភេទស្រី អាយុ១០ឆ្នាំ មានទីលំនៅភូមិកើតហេតុ (ទាំង០២នាក់ ជាក្មេងកំព្រា ដោយឪពុក.ម្តាយជាប់ពន្ធនាគារ) បណ្ដាលឲ្យមានស្នាមរបួសនៅលើខ្នងជាច្រើនកន្លែង។

ចំពោះមូលហេតុដែលបុរសរូបនោះ​វាយ​ទៅលើក្មេងស្រី ព្រោះ​ខឹងក្មេងស្រីទាំង០២នាក់ធ្វើឲ្យសត្វសារិកាកែវងាប់ ចំនួន២ក្បាល ក្រោយ​ក្មេងស្រីទាំង ២នាក់ ភ្លេចដាក់ទឹកនិងចំណីឲ្យសត្វសារិកាកែវផឹកស៊ី។

យ៉ាងណាក៏ដោយ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ និងកសាងកំពុងសំណុំរឿងតាមនិតិវិធីច្បាប់៕