តាមសារតេឡេក្រាមកាលពីរសៀលថ្ងៃម្សិលមិញ (១៤ កុម្ភៈ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់បទបញ្ជាឲ្យមានការរឹតបន្តឹងច្រកតាមព្រំដែនឲ្យបានហ្មត់ចត់បន្ថែមទៀត ក្រោយមានពលករខ្មែរមកពីថៃ ត្រូវបានឃាត់ខ្លួននៅខេត្តតាកែវ ដោយមិនបានធ្វើចត្តាឡីស័កនៅច្រកព្រំដែនតាមការណែនាំរបស់រាជរដ្ឋាភិបាល។
សម្តេចតេជោក៏បានប្រាប់ឲ្យអាជ្ញាធរត្រូវរកមេខ្លោង ឬមូលហេតុយ៉ាងណា ទើបពលករទាំងនោះអាចធ្វើដំណើររាប់សិបគីឡូម៉ែត្រធ្លាយមកដល់ខេត្តតាកែវ ដោយមិនបានធ្វើចត្តាឡីស័កបានត្រឹមត្រូវ ដែលវាជាហានិភ័យអាចបង្កការឆ្លងរាលដាលចូលសហគមន៍សារជាថ្មី។
“ហេតុអីឲ្យធ្លាយរបៀបនេះ ត្រូវសួរចម្លើយ អ្នកណានាំផ្លូវ ដើម្បីចាត់ការមេខ្លោងទៀត បើមិនចឹងមិនទេ អន្តរាយជាមិនខាន”។
សម្តេចតេជោក៏ឲ្យកម្លាំងតាមបណ្តាខេត្តជាប់ព្រំដែនថៃ ត្រួតពិនិត្យច្រកចេញចូល រៀបចំកម្លាំងល្បាតឲ្យបានម៉ឺងម៉ាត់បំផុត៕