សង្គម

រៀបចំពិធីបួងសួងនៅ​ប្រាសាទកណ្តាល​ស្រះស្រង់ ក្រោយ​កំណាយ​រកឃើញ​វត្ថុបុរាណជាច្រើន

នៅថ្ងៃនេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំអាជ្ញាធរ​ជា​​​តិ​អប្សរា បានរៀបចំប្រារព្ធពិធីបួងសួងសុំសេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិជា​ពិសេសសត្វអណ្តើកថ្មភក់ ដែលបានប្រទះឃើញនៅក្នុងការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យាប្រាសាទកណ្តាលស្រះស្រង់។

លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ការរៀបចំប្រារព្ធពិធីបួងសួងសុំសេចក្តីសុខចម្រើនពីវត្ថុស័ក្តិសិទ្ធិនៅក្នុងប្រាសាទកណ្តាលស្រះស្រង់នេះ គឺក្នុងគោលបំណងសូមឲ្យ​ដំណើរការជួសជុលប្រាសាទបានសម្រេចជោគជ័យ ប្រជាជនកម្ពុជាចាកផុតពីជំងឺកាចសាហា​វ និងសូមឲ្យ​ប្រទេសកម្ពុជាមានសុខសន្តិភាពសម្បូរសប្បាយ រុងរឿងដូចបុរាណកាលជារាងរហូ​ត។

សូម​រំលឹកថា កាលពីពេលថ្មីៗនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានរកឃើញបុរាណវត្ថុមួយចំនួនពីការធ្វើកំណាយនៅក្រោមប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់ជាច្រើនគ្រាប់ ចម្លាក់ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន ៤ ហើយពិសេស​ជាង​នេះទៀត គឺ​សត្វអណ្តើកធ្វើពីថ្មភួក​ចំនួន២។

បើ​តាមលោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនិងជាតំណាងក្រុមកំណាយនៅការដ្ឋានប្រាសាទកណ្តាលស្រះស្រង់បានឲ្យ​ដឹងថា តាមការសន្និដ្ឋានបណ្តោះអាសន្ន អណ្តើកថ្មភក់នេះ គឺគេប្រើសម្រាប់បញ្ចុះក្រោមគ្រឹះប្រាសាទ។ ប៉ុន្តែការសិក្សាត្រូវការពេលវេលា ហើយយើងមិនអាចសន្និដ្ឋានអ្វីមួយឲ្យ​ដាច់ស្រេចនោះទេព្រោះថា អណ្តើកមានន័យច្រើនដែលពិបាកកំណត់ឲ្យ​បានច្បាស់លាស់អំពីតួនាទីរបស់វា។ អណ្តើកត្រូវបានគេរកឃើញមិនថា តែនៅស្រុកខ្មែរនោះទេ ប៉ុន្តែថែមទាំងនៅស្រុកឥណ្ឌានិងនៅបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួន។

នៅក្នុងស្នូកអណ្តើកគេធ្លាប់រកឃើញថ្មមានតម្លៃរុំដោយសន្លឹកមាស និងរបស់របរមួយចំនួនទៀតដែលអាស្រ័យទៅលើទីតាំងរកឃើញ ចំណែកឯនៅក្នុងខ្លួនអណ្តើកប្រាសាទស្រះស្រង់វិញ គឺពុំឃើញមានអ្វីជារបស់មានតម្លៃដូចបានបរិយាយខាងលើទេ។ តែវាមានតម្លៃស​ម្រា​ប់​ការសិក្សាអំពីការរៀបចំទុកដាក់អណ្តើកក្នុងន័យជំនឿកាលពីសម័យនោះ៕