នគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃ ក្រោយពីការប្រកាសឲ្យមានការចាប់ឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង រំខានដល់ប្រជាពលរដ្ឋនោះ កម្លាំងសមត្ថកិច្ចចាប់ឃាត់ម៉ូតូខុសបច្ចេកទេសទាំងនោះបានចំនួន១០០គ្រឿង។
ក្នុងចំណោមម៉ូតូ១០០គ្រឿងកែច្នៃបំពង់ស៊ីម៉ាំងនោះ មាន៦០គ្រឿង ត្រូវបាននគរបាលចាប់ឃាត់ពេលកំពុងធ្វើដំណើរតាមផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ចំណែក៤០គ្រឿងទៀតត្រូវបាននគរបាលមូលដ្ឋានកំណត់អត្តសញ្ញាណដាក់ទុកនៅតាមខ្នងផ្ទះ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចបានតម្រូវឲ្យដោះបំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេសនោះចេញ ដោយឲ្យយកបំពង់ស៊ីម៉ាំងដើមផលិតចេញពីរោងចក្រមកដាក់ប្រើប្រាស់វិញ ហើយឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះបន្តទៀត៕