មនុស្សម្នាក់ត្រូវគេរាយការណ៍ថាបានស្លាប់ និងមនុស្ស៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងជម្លោះ វាយតប់គ្នាក្នុងពិធីមង្គលការមួយ ស្ថិតក្នុងភូមិធ្លកយល់ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោងប្រមាណជិត១១យប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រុមបង្កគឺជាភ្ញៀវខាងកូនកម្លោះ និងកូនក្រមុំ ដោយពួកគេបានធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នា ហើយបានយកកែវគប់គ្នាទៅវិញទៅមក រួចក៏បានចាក់គ្នាបណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសស្រាល៥នាក់តែម្តង។
បើតាមប្រភពនៅកន្លែងកើតហេតុថា ករណីនេះខាងកូនក្រមុំរបួសស្រាល៣នាក់ ក្នុងនោះស្លាប់ម្នាក់ ទី១.ឈ្មោះ ជួន នរាជ ភេទ ប្រុស អាយុ៣០ឆ្នាំ (រងរបួស ធ្ងន់ធ្លាយពោះវៀន)ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ទី២.ឈ្មោះ សំ ពិសិដ្ឋ ហៅប៉ង់ ភេទប្រុស អាយុ២៩ឆ្នាំ (រងរបួសស្រាល) ៣. ឈ្មោះ ម៉ាច វណ្ណះ ហៅឆក ភេទប្រុស អាយុ២២ឆ្នាំ(របួសស្រាល) ៤. ឈ្មោះមុត ណាំឈាវ ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល) ទាំងបួននាក់ នេះ រស់នៅភូមិឃុំ កើតហេតុ ។
ចំណែកខាងកូនកំលោះរបួសស្រាល២នាក់ ទី១. ឈ្មោះ ឡែន ភេទប្រុស រស់នៅភូមិ សាលាគ្រួស ឃុំព្រះនិព្វាន (របួសស្រាល) ទី២. ឈ្មោះ កប តាក់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន (របួសស្រាល)។
ករណីខាងលើនេះសមត្តកិច្ច កំពុងស្រាវជ្រាវបន្ថែម និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕