សង្គម

មកទល់ពេលនេះ តើ​ផ្លូវភ្ជាប់ខេត្តកោះកុង និងបាត់ដំបង សម្រេច​បានប៉ុន្មានភាគរយហើយ?

តាមការចុះផ្សាយ​របស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យដឹងថា គិតត្រឹម​ពេលនេះ ផ្លូវជាតិលេខ១០ ដែលមាន​ប្រវែង​ជាង ១៩៧គីឡូម៉ែត្រ ភ្ជាប់ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង បានសម្រេច​ ៤៣,៧៥ % ហើយ។

សូម​បញ្ជាក់ថា ផ្លូវជាតិលេខ១០ ភ្ជាប់ខេត្តកោះកុង និង​បាត់ដំបងនេះ បានប្រកាសបើកការដ្ឋានសាងសង់ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតចិន ឯកឧត្ដម Wang Wentian។

តាមលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនថា ផ្លូវជាតិលេខ១០ ដែល​តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង់ ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង មានប្រវែងសរុបជាង ១៩៨ គីឡូម៉ែត្រ នឹងត្រូវចំណាយថវិកាសរុបប្រមាណជាង ១៨៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។ ផ្លូវនេះ នឹងត្រូវសាងសង់ស្របទៅតាមស្តង់ដារ ផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ៩ ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ៨ម៉ែត្រ ដែលនឹងត្រូវប្រើរយៈពេលសាងសង់ ៤៨ ខែ គិតចាប់ខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕