តាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិឲ្យដឹងថា រយៈពេលមួយឆ្នាំ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ ពោលគឺនៅក្នុងឆ្នាំ២០២០កន្លងទៅនេះ ករណីគ្រោះថ្នាក់ចររាចណ៍បានកើតឡើងចំនួន ៣,១៧៩លើក ដែលចំនួននេះថយចុះចំនួន៩៤២លើក ស្មើរនឹង២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន១,៦៤៦នាក់ ថយចុះចំនួន៣៣៥នាក់ស្មើរនឹង១៧ភាគ ធៀបនឹងឆ្នាំ២០១៩ ដោយឡែកអ្នករបួសមានចំនួន៤,៦៨៦ ថយចុះចំនួន១,៤៥៥នាក់ ស្មើរនឹង២៤ភាគរយ ធៀបនឹងឆ្នាំ២០១៩។
ការធ្លាក់ចុះនូវចំនួនគ្រោះថ្នាក់ និងចំនួនអ្នកស្លាប់នេះ ត្រូវលោកនាយឧត្តមសេនីយ៍អះអាងថា គឺជាជោគជ័យ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍។
ការរឹតបន្តឹងច្បាប់ចរាចរណ៍ដែលបានអនុវត្តកាលពីឆ្នាំ២០២០ ក៏បានធ្វើការត្រួតពិនិត្យយានយន្ដសរុប ១លាន៧សែនគ្រឿង រួមមាន ម៉ូតូ៦៥ភាគរយ រកឃើញយានយន្ដល្មើសចំនួន ៣៥៥,៨៨៥គ្រឿង ស្មើនឹង២០ភាគរយ ដែលបទល្មើសភាគច្រើនមិនពាក់មួកសុវត្ថិភាព។ ហើយសម្រាប់រថយន្ដដែលល្មើសភាគច្រើន លើសល្បឿនកំណត់ មានរហូតដល់៦០ភាគរយ ក្នុងចំណោមរថយន្ដល្មើសទាំងអស់៕