សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរដែលគ្រោងធ្វើនៅខែមេសាខាងមុខ ពលរដ្ឋកម្ពុជាចំនួន៥០ម៉ឺននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩។
សម្តេចបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ដែលជាជំនួយរបស់ប្រទេសចិននេះ នឹងធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ហើយម្ជុលទី១ គឺសម្តេចនឹងចាក់មុនគេ រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាអ្នកជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងនោះក៏រួមមានអ្នកប្រមូលសំរាមផងដែរ។
តាមការបញ្ជាក់របស់សម្តេចតេជោថា វ៉ាក់សាំងកូវីដ១៩ជាជំនួយរបស់ចិនចំនួន៣០ម៉ឺនដូសដំបូង នឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជានៅខែកុម្ភៈ ហើយនៅពេលវ៉ាក់សាំងនោះមកដល់ សម្តេចតេជោនឹងចេញទៅទទួលវ៉ាក់សាំងដល់ព្រលានយន្តហោះតែម្តង ខណៈការចេញទៅទទួលដោយផ្ទាល់នេះ សម្តេចធ្វើតែជាមួយសម្តេចម៉ែ និងព្រះមហាក្សត្រតែប៉ុណ្ណោះ។
សម្តេចនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងកូវីដ១៩ទៅដល់ប្រជាពលរដ្ឋ គឺនឹងផ្តល់ជំនឿចិត្តដល់អ្នកវិនិយោគ ដោយគេនឹងមិនចាត់ទុកកម្ពុជា ជាប្រទេសគ្រោះថ្នាក់ដោយសារជំងឺកូវីដ១៩នោះទេ។
យ៉ាងណាក៏ដោយ សម្តេចតេជោក៏បានប្រកាសដល់បងប្អូនប្រជាពលរដ្ឋដែរថា រាជរដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងក្នុងការនាំយកវ៉ាក់សាំងកូវីដ១៩ចាក់ជូនពលរដ្ឋទាំងអស់ ហើយនៅពេលខាងមុខ កម្ពុជាអាចនឹងមានវ៉ាក់សាំងដែលផ្តល់ដោយអង្គការសុខភាពពិភពលោក, វ៉ាក់សាំងផ្តល់ដោយប្រទេសជាមិត្ត និងវ៉ាក់សាំងដែលទីពីក្រុមហ៊ុនផ្ទាល់៕