សង្គម

សម្តេចតេជោ​​ប្រកាស​ទទួលយកវ៉ាក់សាំង​កូវីដ​១៩ចំនួន១លានដូស ជាជំនួយ​របស់ប្រទេសចិន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​នៅយប់មិញនេះ​ថា សម្តេច​បាន​សម្រេច​ទទួល​យក​វ៉ាក់សាំង​ចំនួន ១លានដូស សម្រាប់​មនុស្ស​៥០ម៉ឺននាក់ ដែល​ប្រទេស​ចិន​នឹង​ផ្តល់ជាជំនួយ​ដល់ប្រទេស​កម្ពុជា។

សម្តេចតេជោបាន​បញ្ជាក់ថា កាលពីមុន សម្តេចបានថ្លែងថា កម្ពុជានឹង​ទទួលយកវ៉ាក់សាំង​ដែលទទួល​ស្គាល់​ដោយ​អង្គការ​សុខភាពពិភពលោក, ប៉ុន្តែមកទល់ពេលនេះ អង្គការ​សុខភាព​ពិភពលោក​នៅ​មិន​ទាន់ទទួល​ស្គាល់វ៉ាក់សាំង​ណាមួយ​នៅ​ឡើយទេ ហើយ​ដោយ​ភាពចាំបាច់មិន​អាច​រង់ចាំ​តទៅ​ទៀតបាន សម្រាប់​តម្រូវ​ការ​ការពារជាតិ និង​ការពារ​ប្រជាជន ដូច្នេះ​សម្តេច​ក៏​សម្រេច​ទទួល​យក​វ៉ាក់សាំងរបស់ប្រទេសចិន​នេះ ដែលមាន​មេដឹកនាំចិន ព្រមទាំង​មនុស្ស​រាប់លាននាក់ រាប់ទាំង​ប្រទេស​ឥណ្ឌូនេស៊ី​កាលពីពេលថ្មីៗនេះ ក៏​បានប្រើប្រាស់វ៉ាក់សាំងនោះ​ផងដែរ។

តើអ្នកណាខ្លះដែលទទួលបានវ៉ាក់សាំងមុនគេ?

តាមការ​បញ្ជាក់របស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី វ៉ាក់សាំង​១លានដូសដំបូងនេះ អ្នក​ដែល​នឹង​ទទួលបានការចាក់មុនគេ គឺអ្នក​ដែលនៅជុំវិញ​នាយករដ្ឋមន្រ្តីតែម្តង ដែលជា​ភាព​ចាំបាច់​សម្រាប់​ការពារថ្នាក់ដឹកនាំប្រទេស, ហើយ​ក៏​អាចមានអ្នក​នៅ​ជុំវិញ​ព្រះមហាក្សត្រ, អ្នក​នៅ​ជុំវិញ​ប្រធានព្រឹទ្ធសភា, អ្នក​នៅ​ជុំវិញ​ប្រធានរដ្ឋសភា ព្រមទាំង​មនុស្ស​ជា​ខ្សែត្រៀមជួរ​មុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩។

ជាមួយ​គ្នា​នេះ​ដែរ សម្តេចតេជោ ក៏​កំពុង​តែ​គិត​ពី​ការ​ទិញ​បន្ថែម ឬស្នើសុំ​បន្ថែម ពីមិត្ត​ចិន ឬប្រទេស​ដទៃ​ទៀត នៅ​ក្នុង​ស្ថានភាព​ នៃ​ការ​គ្រប់គ្រងវ៉ាក់សាំងនោះ​បាន ដូចជា​ការ​ដឹកជញ្ជូន និង​ការ​រក្សា​ទុក ដែល​កម្ពុជា​មាន​លទ្ធភាព។

បើតាម​ការ​បញ្ជាក់របស់​សម្តេចតេជោ វ៉ាក់សាំងដែល​កម្ពុជាទទួលយកពីចិននេះ គឺវ៉ាក់សាំង ស៊ីណូហ្វាម ដែល​ត្រូវ​បានគេ​ប្រើប្រាស់រួចទៅហើយ​នៅ​ប្រទេសអេហ្ស៊ីប ក៏​ដូចជា​ប្រទេសដទៃ​ទៀត​នៅ​តំបន់អាហ្រ្វិក និង​អាមេរិក​ឡាទិនជា​ដើម៕