ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ គួរបន្តពន្យារពេលក្នុងការបើកដំណើរការឡើងវិញ ដើម្បីតាមដានស្ថានភាព នៃជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងក្នុងសហគមន៍ ជាពិសេសបង្ការរលកទី២។
តែយ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងនឹងពិចារណាបន្ថែមទៀត លើការបើកដំណើរការសាលារៀនឡើងវិញឲ្យបានមុនថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាថ្ងៃចូលបវេសនកាលឆ្នាំសិក្សាថ្មី។
តាមការលើកឡើងរបស់លោក ហង់ជួន ណារ៉ុន ថា ការពន្យារពេលបើកដំណើរការសាលារៀនឡើងវិញនេះ គឺផ្តោតលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ, ហើយថា តាមលក្ខណៈបច្ចេកទេស កម្ពុជានៅមិនទាន់អាចបើកដំណើរការគ្រឹះស្ថានសិក្សាបានវិញទេ ដោយលោកបានលើកឡើងថា នៅប្រទេសបារាំង ការបើកសាលា គឺសម្រាប់កូនបុគ្គលិកពេទ្យ ចំពោះអ្នកផ្សេងឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយក្នុងចំណោមប្រទេស ១៨៦លើពិភពលោកដែលបានបិទសាលា មានតែប្រទេស ៩ប៉ុណ្ណោះដែលប្រកាសបើកសាលារៀនឡើងវិញ។
នៅក្នុងស្ថានភាពដ៏ស្រួចស្រាល់នេះ ក្រសួងអប់រំយល់ឃើញថា អាយុជីវិត សុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់សិស្ស និស្សិត និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ដែលមានប្រមាណជាង ៣លាននាក់នៅទូទាំងប្រទេស គឺជាអាទិភាពចម្បងដែលត្រូវយកចិត្តទុកដាក់នៅក្នុងកំឡុងពេលនេះ៕