មន្រ្តីសុខាភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែមករា បានចុះទៅយកសំណាកកម្មកររពីរនាក់ដែលមើលថែមាន់ក្នុងកសិដ្ឋានដែលមានផ្ទុះជម្ងឺផ្តាសាយ H5N1 នៅភូមិព្រែកកញ្ច្រែង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រ ដោយខ្លាចពួកគេឆ្លងជំងឺនេះពីសត្វមាន់។
តែបើតាមលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា សុខភាពកម្មករទាំងពីរនាក់នេះគឺល្អធម្មតា ពុំមានរោគសញ្ញាបង្ហាញគួរអត់សំគាល់នោះទេ។
លោកបញ្ជាក់ថា ក្រោយយកសំណាកពួកគេហើយ លោកបានណែនាំមិនអនុញ្ញាតឲ្យកម្មករទាំងពីរនេះដើរទៅណានោះទេ គឺនៅឆ្ងាយពីគេសិន រង់ចាំលទ្ធផលធ្វើតេស្តលើសំណាកសិនថាមានឆ្លងជំងឺផ្តាសាយH5N1ប្ញអត់ ។
លោកបញ្ជាក់ថាជម្ងឺផ្តាសាយH5N1ជាប្រភេទជំងឺឆ្លងពីមាន់ទៅមនុស្ស ប៉ុន្តែមិនទាន់មានការរកឃើញថា មានការឆ្លងពីមនុស្សទៅមនុស្សនោះទេ។
សូមបញ្ជាក់ថា បើតាមលោក ហូណាម ម្ចាស់កសិដ្ឋានឲ្យដឹងថា កសិដ្ឋាននេះចិញ្ចឹមមាន់១ខែមកហើយ ដែលនាំចូលពូជពីក្រុមហ៊ុនមួយរបស់ប្រទេសវៀតណាមចំនួន១៣០០ក្បាល និងមាន់ស្រែ២០០ក្បាល ទាកប៉ាជាង២០០ក្បាលនិងក្ងានមួយចំនួន តែនៅថ្ងៃទី៣១ ធ្នូ មកដល់ថ្ងៃទី៥ មករា មាន់ទាំងនោះក៏ឈឺងាប់ទាំងអស់តែម្តង ហើយមាន់ដែលងាប់ទាំងនេះត្រូវបានមន្រ្តីជំនាញបានចុះមកណែនាំឲ្យកប់ចោល និងបានបាញ់ថាំសម្លាប់មេរោគជុំវិញកសិដ្ឋានផងដែរ។
តាមការបញ្ជាក់របស់មន្រ្តីថា សត្វមាន់ដែលងាប់ជាង ១០០០ក្បាល នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គឺជាជំងឺគ្រុនផ្តាសាយបក្សី (H5N1)៕