ក្រសួងសុខាភិបាលកម្ពុជា បានជូនដំណឹងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថា គេបានរកឃើញពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃចំនួន៦នាក់ មានវិជ្ជមានកូវីដ១៩។
ពលករទាំង៦នាក់នេះ សុទ្ធសឹងតែជាស្រ្តី ដែល ទី១.អាយុ៣៦ឆ្នាំ ស្នាក់នៅឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១, ទី២.អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១, ទី៣.អាយុ ១៨ឆ្នាំស្នាក់នៅស្រុកពាមជ ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១០ ខែមមករា ឆ្នាំ២០២១, ទី៤.អាយុ ២១ឆ្នាំ ស្នាក់នៅស្រុកពាមជ ខេត្តព្រៃវែង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១, ទី៥. អាយុ២១ឆ្នាំ ស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ និងទី៦. អាយុ ៣២ឆ្នាំ ស្នាក់នៅឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
ពលករខ្មែរទាំង៦នាក់នេះ បច្ចុប្បន្នពលករ៥នាក់ ត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ និង ១នាក់ទៀតត្រូវដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមថ្ងៃនេះ គេបានរកឃើញពលករដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃចំនួន ៣៣នាក់ហើយ ដែលមានវិជ្ជមានវីរុសកូវីដ១៩ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១២នាក់៕