នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់កាលពីរសៀលថ្ងៃទី១១ ខែមករាថា ក្រុមការងារក្រសួងបានឃើញសកម្មភាពចែករំលែកតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយប្រើប្រាស់ Telegram Chat Bot ដែលមានឈ្មោះថា “Wing Giveaways” ឬ “Online Store” អំពីការទទួលបានប្រាក់ដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិ។
នៅពេលដែលបងប្អូនចូលទៅកាន់ Telegram Chat Bot ដែលមានឈ្មោះថា “Wing Giveaways” ឬ “Online Store” នឹងណែនាំបងប្អូនធ្វើការផ្តល់ព័ត៌មានមួយចំនួន ដូចជា៖
– អត្តសញ្ញាណបណ្ណ បណ្ណបើកបរ ឬកាតសិស្សនិស្សិត
– លេខគណនីវីង (Wing Account Numbber)
ចំពោះករណីនេះ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានណែនាំបងប្អូនមេត្តាបញ្ឈប់ការចែករំលែកតំណភ្ជាប់ខាងលើ និងកុំផ្តល់ព័ត៌មានដូចរៀបរាប់ខាងលើជាដាច់ខាត ព្រោះជនខិលខូចអាចយកព័ត៌មានទាំងនេះ ទៅប្រព្រឹត្តល្មើសច្បាប់ តួយ៉ាង៖ ប្រើប្រាស់ដើម្បីបញ្ឆោតលួចកាន់កាប់គណនី ឬលួចផ្ទេរប្រាក់ជាដើម៕