តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា ពេលនេះទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង បាននិងកំពុងធ្លាក់ចុះមកក្រោម គួបផ្សំជាមួយនឹងខ្យល់មូសុងឦសានខ្លាំង។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់វាលទំនាបកណ្តាលរបស់ប្រទេសកម្ពុជា ពីថ្ងៃទី១៣-១៤ ខែមករា សីតុណ្ហភាពនឹងធ្លាក់ចុះដល់ ១៣-១៦អង្សាសេ ហើយនៅថ្ងៃទី១៥-១៩ មករា សីតុណ្ហភាពនឹងមានពី ១៨-២១អង្សាសេ។
សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ នៅថ្ងៃទី១៣-១៤ ខែមករា សីតុណ្ហភាពនឹងមានពី ១១-១៤អង្សាសេ ហើយនៅថ្ងៃទី១៥-១៩ មករា សីតុណ្ហភាពនឹងមានពី ១៦-១៩អង្សាសេ។
ដោយឡែកតំបន់មាត់សមុទ្រ នៅថ្ងៃទី១៣-១៤ មករា សីតុណ្ហភាព មានពី ២២-២៤អង្សាសេ ហើយនៅលើផ្ទៃសមុទ្រមានខ្យល់ និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា។ តែនៅថ្ងៃទី១៥-១៩ មករា សីតុណ្ហភាពនឹងមានពី ១៩-២២អង្សាសេ៕