សង្គម

រកឃើញ​ពលករខ្មែរ​មក​ពីថ្ងៃម្នាក់ទៀតមានវិជ្ជមានកូវីដ១៩ និងជាសះស្បើយ​ចំនួន៣នាក់

តាមប្រកាស​របស់ក្រសួងសុខាភិបាល​ចេញផ្សាយនៅព្រឹក​ថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១នេះ​បាន​បញ្ជាក់ថា គេបានរកឃើញ​ពលករខ្មែរទើប​ត្រឡប់​មក​ពីប្រទេសថៃម្នាក់ទៀត មានវិជ្ជមាន​កូវីដ​១៩ ដោយ​គិត​មក​ទល់ពេលនេះ ពលករខ្មែរត្រឡប់មកពីថៃចំនួន ២៧នាក់ហើយ ត្រូវ​រកឃើញ​ថាមានវិជ្ជមាន​កូវីដ​១៩។

ពលករខ្មែរដែលទើបរកឃើញថ្មីនេះ គឺជាស្រ្តី អាយុ​២៨ឆ្នាំ ស្នាក់​នៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បាន​ធ្វើដំណើរ​មក​ពី​ប្រទេសថៃ មក​ដល់​កម្ពុជា​នៅថ្ងៃទី៨ ខែមករា ឆ្នាំ​២០២១។

ជាមួយ​គ្នា​នៅថ្ងៃនេះ ក្រសួងសុខាភិបាល ក៏បានប្រកាស​ពីករណីជាសះស្បើយ​ចំនួន ៣នាក់ផងដែរ ក្នុងនោះ ២នាក់​គឺជាពលករមកពីថៃ រស់នៅស្រុកកំរៀង និង​ម្នាក់ទៀត គឺជាភរិយាអគ្គនាយកពន្ធនាគារ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨វិច្ឆិកា រស់នៅ​បុរីប៉េងហួរ ផ្លូវ​៦០ម៉ែត្រ រាជធានីភ្នំពេញ៕