សង្គម

ធ្លាយរឿង មន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តតាកែវ ដើរបង្ខំម្ចាស់ស្ថានីយ៍ប្រេងឲ្យ​បង់លុយមួយកន្លែង២ពាន់ដុល្លារ

ប្រភពពីក្រុមអាជីវករម្ចាស់​ស្ថានីយ៍ប្រេងឥន្ធនៈ នៅក្នុងខេត្តតាកែវបានឲ្យ​ដឹងថា មុននឹងបានបើកលក់ប្រេងមួយកន្លែងៗ គឺពួកគាត់​ត្រូវបានចំណាយ​លុយ​ឲ្យ​ទៅ​ក្រុមកូនចៅរបស់លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ ក្នុងស្ថានីយ៍ប្រេងមួយកន្លែងចំនួន២០០០ដុល្លារ ទើបអាច​បើកដំណើរការ​លក់បាន។

ម្ចាស់ស្ថានីយ៏ប្រេងមួយកន្លែងនៅក្នុងស្រុកសំរោងបានថ្លែងថា កាលពីពេលថ្មីៗនេះក្រុមមន្រ្តី នៃមន្ទីររ៉ែនិងថាមពល ដែលគេស្គាល់ថា ជាកូនចៅលោក ផេង វុធ បានចុះមកយកលុយពីគាត់ចំនួន២០០០ដុល្លារ ដើម្បីយកទៅបំពេញបែបបត់ច្បាប់នៅក្រសួងរ៉ែ និងថាមពល។

បើ​តាម​អ្នកបើកស្ថានីយ៏ប្រេងដ៏ទៃទៀតក្នុងខេត្តតាកែវ ក៏​បាន​បញ្ជាក់ដូចគ្នានេះដែរថា ក្រុមមន្រ្តីដែលជាកូនចៅរបស់លោក ផេង វុធ ក៏​បានមក​យកលុយពីពួកគាត់ដូចគ្នាដែរ តែគេមិនដែលឃើញលោក ផេង វុធ មានវិធានការលើក្រុមមន្ត្រីទាំងនោះទេ ព្រោះមន្រ្តីទាំងនោះថា គេ​យកលុយទៅឲ្យ​មេ។

ពាក់ពន្ធ័ករណីខាងលើនេះ លោក ផេង វុធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវបានថ្លែងថា លោកមិនបានដឹងថាក្រុមកូនចៅរបស់លោកដើរធ្វើសកម្មភាពបែបនេះសោះ ហើយថា លោកបានដឹងរឿងច្រើនខ្លះៗចំពោះមន្រ្តីរូបហ្នឹង តែវាមិនទាន់មានភ័ស្តុតាង ដូច្នេះលោកបានត្រឹមតែអប់រំនោះទេ តែចំពោះករណីថ្មីៗនេះ បើដូចការ​លើកឡើងមែនលោកនឹងចាត់ការមន្រ្តីរបស់លោកតាមផ្លូវច្បាប់ហើយ៕