លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមករានេះថា សំណុំរឿងឃាតកម្មបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឥឡូវនេះ ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់អ្នកបើករថយន្តដឹកខ្មាន់កាំភ្លើង ពីបទផ្សំគំនិតក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន ហើយបានបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្តតាមនីតិវិធី។
ជនសង្ស័យជាអ្នកបើករថយន្តឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានរត់គេចខ្លួនទៅដល់ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជួលមួយកន្លែងជិតបច្ឆាវត្តទួលតាឯក ក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យដឹងថាជនសង្ស័យដែលបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺឈ្មោះ អ៊ា ណារ៉េន អាយុ ៣៨ឆ្នាំ។ មានទីលំនៅផ្ទះលេខ B9 ផ្លូវបេតុងបុរីទឹម សាខន ស្ថិតនៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ហើយនៅពេលនេះ កំពុងតែសម្ងំលាក់ខ្លួននៅក្នុងព្រៃខេត្តភាគឥសាននៃប្រទេសកម្ពុជា។ ចំណែកសមត្ថកិច្ចនៅតែបន្តឡោមព័ន្ធ និងរុករកជនសង្ស័យនៅក្នុងព្រៃដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យជាឃាតកឈ្មោះ អ៊ាណារ៉េន គឺជាយោធាដែលមានអាវុធជាប់ខ្លួននិងជាមនុស្សធ្លាប់ធ្វើសកម្មភាពអំពើប្លន់បាញ់សម្លាប់ជនរងគ្រោះម្នាក់នៅក្នុងរាជធានីភ្នំពេញ និងទើបចេញពីពន្ធនាគារបាន២ឆ្នាំ ដោយបានគេចខ្លួនចួលទៅក្នុងព្រៃក្រោយការទុកចោលភរិយា, កូននិងប្អូនថ្លៃចោល ដើម្បីការគេចខ្លួនចេញពីការស្ទាក់ ចាប់របស់កម្លាំងសមត្ថកិច្ចដែលកំពុងពង្រាយកម្លាំងតាមស្ទាក់ចាប់គ្រប់ច្រកល្ហកក្នុងការនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់៕