សង្គម

កម្ពុជារកឃើញពលករទើបមកពីថៃ ចំនួន២នាក់ទៀត មានវីរុស​កូវីដ១៩

តាមប្រកាស​របស់​ក្រសួងសុខាភិបាល​ចេញ​ផ្សាយ​នៅព្រឹកថ្ងៃទី៧ មករានេះ បាន​ឲ្យដឹងថា គេ​បាន​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​១៩​ចំនួន​២ករណីថ្មី ដែលជាពលករ​ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ។

ពលករទាំង២នាក់នោះ ម្នាក់​ជាបុរស​ អាយុ​២៦ឆ្នាំ ស្នាក់នៅ​ភូមិ​ត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្ត​បាត់ដំបង បានធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅថ្ងៃទី២ មករា ឆ្នាំ​២០២១, ចំណែកម្នាក់ទៀត ជាបុរស អាយុ​២៥ឆ្នាំ ស្នាក់​នៅ ភូមិ​ថ្នល់បត់ ឃុំភ្នំតូច ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ បាន​ធ្វើដំណើរ​មក​ពី​ប្រទេសថៃ មក​ដល់​កម្ពុជា​នៅថ្ងៃទី៤ ខែមករា ឆ្នាំ​២០២១។

សូម​បញ្ជាក់ថា គិត​ត្រឹម​ម៉ោង៧ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ​២០២១នេះ កម្ពុជា​មាន​ករណីឆ្លង​វីរុស​កូវីដ​១៩សរុប​ទាំងអស់​ចំនួន ៣៨៥នាក់ ក្នុង​នោះ​ព្យាបាលជាសះស្បើយ​ចំនួន ៣៦២នាក់ និង​កំពុងសម្រាកព្យាបាលចំនួន ២៣នាក់៕