យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ក្រោយពីមានពាក្យបណ្តឹងរបស់ម្តាយយុវត្តីរងគ្រោះ ដោយចោទប្រកាន់ថា បានរំលោភកូនស្រីរបស់គាត់ដែលមានអាយុ១៤ឆ្នាំ។
យោងតាមពាក្យបណ្ដឹងបានរៀបរាប់ថា ជនសង្ស័យឈ្មោះ អាត់ ប៊ុនថេង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិជំរៅ ឃុំពារាម ស្រុកបាទី ខេត្តតាកែវថា បានបង្ខំរំលោភសេពសន្ថវៈមកលើកូនស្រីរបស់គាត់ឈ្មោះ ជ ច ស អាយុ១៤ឆ្នាំ។
ក្រោយទទួលពាក្យបណ្ដឹងកំលាំងនគរបាលស្រុកបាទីបាននាំខ្លួនជនសង្ស័យខាងលើមកសាកសួរ ហើយក្រោយសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានខ្លួនប្រាណនារីខាងលើពិតមែន ហើយក្រោយចម្លើយសារភាពជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនិតិវិធី។
ពាក់ពន្ធ័ករណីខាងលើ លោក ឆាយ កែវមន្នី អធិការនគរបាលស្រុកបាទីបានឲ្យដឹងថា ករណីខាងលើគឺជនសង្ស័យនិងនារីរងគ្រោះបានស្រលាញ់គ្នាចិត្តនិងចិត្ត តែទំនងខាងជនសង្ស័យបានខ្លួនប្រាណហើយមិនទទួលខុសត្រូវ ទើបភាគីខាងស្រីសម្រេចចិត្តដាក់ពាក្យប្ដឹងដោយទាមទាសំណង៦០០០ដុល្លារ ហើយក្រោយមកមិនត្រូវរ៉ូវគ្នានោះទេ បើទោះជាខាងជនសង្ស័យព្រមទទួលខុសត្រូវលើនារីរងគ្រោះ ដោយព្រមរៀបការនិងគ្នាក៏ដោយ ក៏ភាគីខាងស្រីមិនទទួលយកដែរ ព្រោះខ្លាចថា ក្រោយរៀបការរួចខាងប្រុសធ្វើបាប ហើយទីបំផុតឪពុកក្មេងក៏ត្រូវជាប់ខ្នោះតែម្តង៕