តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា គេបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ទៅបុរសពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ។
បុរសម្នាក់នោះ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១។
បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាមានករណីវីរុសកូវីដ១៩ សរុបចំនួន ៣៨៣នាក់ ដោយបានព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងកំពុងសម្រាកព្យាបាលចំនួន ២១នាក់៕