សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃនេះ បានសរសេរនៅលើបណ្តាញសង្គមថា ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៥ ឆ្នាំ របស់សម្តេច (៥មករា១៩៧៦-៥មករា២០២១) ដោយសម្តេចតែងតែគិតថា អ្វីដែលសម្តេចនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា សម្តេចអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។
សម្តេចបានសរសេរថា «ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ»។
«…ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផង ដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់»។
ជាចុងក្រោយ សម្តេចនិងភរិយា ក៏សូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបប្រទះតែសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំសកលថ្មី ២០២១ កុំបីខានឡើយ៕