សង្គម

ស្នងការនគរបាលខេត្តកណ្តាល​រៀបរាប់ដំណើររឿង​ ដែលបណ្តាល​ឲ្យ​មន្រ្តីយោធាពាក់​ផ្កាយ១ វាយ​បុរស​សន្តិសុខ​បណ្តាល​ឲ្យ​បែកក្បាល

ករណី​មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់សម្ភពសុខ ម៉េង នៅស្រុកអង្គស្នួល ខេត្តកណ្ដាល បានដកកាំភ្លើងខ្លីវាយមកលើសន្តិសុខ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ព្រោះតែរឿងបាត់ស្បែកជើងមួយគូនោះ ឥឡូវនេះ​ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាន​រៀបរាប់ដំណើរ​រឿង ដើម្បីកុំ​ឲ្យ​មាន​ការភ័ន្ត​ច្រឡំ។

តាម​ការបញ្ជាក់របស់​ស្នងការដ្ឋាននគរបាលខេត្ត​កណ្តាល​ថា ករណីនេះ ជនរងគ្រោះមានឈ្មោះ ច្រឹក ស៊ីណា ភេទប្រុសអាយុ៣០ឆ្នាំ មានមុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានរងរបួសបែកក្បាលផ្នែកខាងឆ្វេង​ លេីត្រចៀក​ ១កន្លែង​ ដេរចំនួន៣ថ្នេរ។ ។ ចំណែកជនសង្ស័យឈ្មោះ ហេង គាហុង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាលនិងសម្ភព​ សុខ​ ម៉េង (គ្លីនិចឯកជន)​ នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយ​ចាប់​បាន​វត្ថុតាង អាវុធខ្លីមួយដើមម៉ាក CF98 លេខ006009 មានបង់ចំនួនមួយ និង គ្រាប់ចំនួនមួយ។

ចំពោះ​សភាពរឿងវិញ គឺនៅមុនពេលកើតហេតុថ្ងៃទី០២​ ខែមករាឆ្នាំ២០២១ វេលាម៉ោង ១៨និង០០នាទី ជនរងគ្រោះបានទៅយាមជំនួសគេមួយយប់នៅគ្លីនិច​ សុខ ម៉េង​ (កន្លែងកេីតហេតុ)។ នៅពេលយាមម៉ោងប្រហែលប្រាំទៀបភ្លឺ ក៏មានមនុស្សប្រុសម្នាក់មកសួរជនរងគ្រោះថា ពូសន្តិសុខយាមនៅហ្នឹងរាល់ថ្ងៃទៅណាហើយ ជនរងគ្រោះឆ្លើយថាគាត់សម្រាកមួយថ្ងៃហើយ ដោយគេយាមជំនួសវិញ ពេលនោះមនុស្សប្រុសម្នាក់នោះបានខ្ចីលុយពីជនរងគ្រោះចំនួន ៣,០០០៛ (បីពាន់រៀល) ជនរងគ្រោះក៏ឱ្យលុយខ្ចីចំនួនបីពាន់រៀល ហើយមនុស្សប្រុសនោះក៏ដើរចេញទៅវិញដោយឃើញមានពាក់ស្បែកជើងចេញទៅដែរ។ លុះដល់ម៉ោង០៦ព្រឹកទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ។

រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨ព្រឹក ជនសង្ស័យបានបាត់ស្បែកជេីងស៊កស្បែកចំនួនមួយគូ ដែលដោះទុកនៅមាត់ទ្វារចូលគ្លីនិចរបស់ខ្លួនធ្វើការ ដោយជនសង្ស័យគិតថាបងប្អូនអ្នកជម្ងឺយកពាក់សិនទើបមិនរក។ រហូតដល់ម៉ោងប្រាំបីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀត ក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើល ឃើញបុរសម្នាក់បានឈរនិយាយជាមួយជនរងគ្រោះ​ និង ហុចលុយឱ្យជនរងគ្រោះ​ ហើយបុរសនោះបានពាក់យកស្បែកជើងរបស់ជនសង្ស័យដើរចេញទៅ។ បន្ទាប់ពីឆែកកាេមរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឱ្យដឹងសាច់រឿង។

រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក ជនសង្ស័យបានណាត់ជាមួយក្រុមហ៊ុនសន្តិសុខឱ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិច តែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន​ រាជធានីភ្នំពេញវិញទៅ។ រហូតដល់ម៉ោង១២រសៀលទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិច​ មិនឃើញជនសង្ស័យ ក៏តេទូរសព្ទហៅជនសង្ស័យមកជជែកគ្នាវិញ។

លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិច ឃើញជនរងគ្រោះឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លីពីចង្កេះខោមកវាយទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេងបណ្តាលឱ្យដួល​ ហើយជនសង្ស័យ ក៏ដើរចូលក្នុងគ្លីនិចបាត់ទៅ ។ ចំណែកជនរងគ្រោះត្រូវបានបុគ្គលិកពេទ្យយកទៅលាងរបួសនិងដេរចំនួនបីថ្នេរ។ បន្ទាប់មកជនរងគ្រោះបានទូរសព្ទរាយការណ៍ឱ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងដើម្បីសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួលឱ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធី៕