នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាបានដឹកជញ្ជូនម៉ាស់ចំនួន២លាន១សែនម៉ាស់ និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនតាមជើងយន្តហោះ ទៅកាន់ប្រទេសនេប៉ាល់ ដើម្បីជូនដល់រដ្ឋាភិបាល និងប្រជាជននៃប្រទេសនេះ។
ម៉ាស់ និងសម្ភារៈវេជ្ជសាស្រ្ត ដែលត្រូវដឹកជញ្ជូនយកទៅនៅព្រឹកនេះរួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។
សូមបញ្ជាក់ថា ប្រទេសនេប៉ាល់ គឺជាប្រទេសទី៤ហើយ ដែលកម្ពុជាបានផ្តល់ជំនួយម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្ទាប់ពីប្រទេសចំនួន៣ទៀត ដែលកម្ពុជាបានផ្តល់ជូនកាលពីឆ្នាំ២០២០ រួមមានប្រទេសឡាវ ម៉ាស់ចំនួន ២លាន និងបរិក្ខារពេទ្យមួយចំនួន, ប្រទេសមីយ៉ាន់ម៉ា ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួន និង ប្រទេសទីម័រឡេស្ត ម៉ាសចំនួន ១លាន ៥ម៉ឺន និងបរិក្ខារពេទ្យមួយចំនួន៕