លោក ពៅ សឿន មេភូមិព្រៃខ្លា នៃឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ បានធ្វើលិខិតលាលែងពីតំណែង ក្រោយពីរងពាក្យបណ្តឹងជាច្រើនពីប្រជាពលរដ្ឋថា គាត់បានលួចលក់ដីរដ្ឋ ក៏ដូចជាដីរួមឲ្យទៅក្រុមឈ្មួញ តែលោកមេភូមិបាននិយាយថា ការលាលែងរបស់លោកនេះ គឺដោយសារតែលោកអភិបាលស្រុកធ្វើទុក្ខបុកម្នេញលោកពេក។
បើយោងតាមបណ្ដឹងរបស់ប្រជាពលរដ្ឋបានលើកឡើងថា លោកមេភូមិ ពៅ សឿន បានលួចលក់ដីរដ្ឋ ដូចជាដីរួមភូមិទំហំ១៦ម៉ែត្រគុណ៤៥ម៉ែត្រ, ដីអូរខាងលិចស្ពានលោក ដីអូរជាប់និងស្ពានអូឋានខាងកើត ដីអូរជាប់ស្ពានអូរឋានខាងលិចចន្លោះផ្លូវជាតិលេខ២ដែលជាដីមានតម្លៃកប់ពពក និងលក់អាចម៏ដីព្រែកជាច្រើនកន្លែង និងកិបកេងថវិការដ្ឋជាច្រើនទៀត។
បើតាមប្រជាពលរដ្ឋខ្លះថា ពេលនេះលោកមេភូមិកំពុងរងបណ្ដឹងទៅអាជ្ញាធរខេត្តតាកែវ ក៏ដូចជាបណ្ដឹងនៅតុលាការខេត្តតាកែវ និងរងបណ្ដឹងនៅអង្គភាពប្រឆាំងអំពើពុករលួយថែមទៀត។
ជុំវិញករណីខាងលើនេះ លោក ពៅ សឿន មេភូមិព្រៃខ្លា បានថ្លែងថា លោកពិតជារងបណ្ដឹងដូចការលើកឡើងពីពលរដ្ឋពិតមែន តែលោកក៏មិនខ្លាចក្នុងការប្រឈមផ្លូវច្បាប់នោះទេ ព្រោះលោកជាមេភូមិដែលបម្រើពលរដ្ឋពិតប្រាកដ ហើយរឿងចោទថាលោកលួចលក់ដីរដ្ឋនោះ គឺមិនពិតទាំងស្រុងនោះទេ តែលោកទទួលស្គាល់ថា លោកបានលក់ដីរួមភូមិ១កន្លែងក្នុងតម្លៃ១ម៉ឺនដុល្លារ តែអ្នកទិញកក់លុយ៥ពាន់ដុល្លារ ហើយក្រោយមកអ្នកទិញគេមិនទិញវិញទេព្រោះគេដឹងថា ដីនេះជាដីសាធារណៈរបស់រដ្ឋ។
លោក ពៅ សឿន បានបន្តថា តាមពិតលោកមិនត្រូវធ្វើលិខិតលាលែងពីតួនាទីនោះទេ តែដោយសារតែលោក កេត ម៉ៅ អភិបាលស្រុកសំរោងបានទូរសព្ទ័មកលោកឲ្យឈប់ពីមេភូមិ និងបានហៅទៅនិយាយផ្ទាល់មាត់ផង ហើយក៏បានបោះសម្ដីថា បើលោក(កេត ម៉ៅ)ដកអាតាមេភូមិឯងមិនបានទេ លោក(កេត ម៉ៅ)និងឈប់ធ្វើជាអភិបាលស្រុកសំរោងភ្លាម។
លោក ពៅ សឿន បានបញ្ជាក់ថា ដោយមានការឈឺចាប់ពេក លោកក៏សម្រេចចិត្តលាលែងពីតួនាទីជាមេភូមិដោយខ្លួនឯងទៅ ព្រោះមិនចង់មានរឿងវែងឆ្ងាយបន្តទៀត និងនៅមានរឿងរ៉ាវជាច្រើនទៀតដែលលោកនិយាយមិនចេញ។
ពាក់ពន្ធ័ករណីនេះ លោក កេត ម៉ៅ អភិបាលស្រុកសំរោងបានថ្លែងថា ដោយមានរឿងអាស្រូវរាប់ភ្លេចជាពិសេសរងនូវបណ្ដឹងជាច្រើនពីពលរដ្ឋ ទើបមេឃុំនិងក្រុមប្រឹក្សាឃុំសុំឲ្យលោកមេភូមិព្រៃខ្លាសម្រេចចិត្តដោយខ្លួនឯងថា តើគួរនៅធ្វើជាមេភូមិ ឬមិនគួរនៅធ្វើមេភូមិ។
លោកអភិបាលស្រុកបន្តថា ក្រោយមានបណ្ដឹងជាច្រើនពីពលរដ្ឋ លោកបានបង្កើតក្រុមការងារចម្រុះចុះទៅស្រាវជ្រាវ និងបើកការស៊ើបអង្កេត គឺរកមិនឃើញមានភស្ដុតាងណាមួយដើម្បីចោទប្រកាន់តាមបណ្ដឹងនោះទេ គឺរកមិនឃើញឯកសារពាក់ពន្ធ័ក្នុងការលក់ទិញដីអូរដីរួមដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយក៏រកមិនឃើញក្រុមឈ្មួញដែលហ៊ានចំណាយលុយមកទិញដីខុសច្បាប់នោះដែរ។
លោក កេត ម៉ៅ បានថ្លែងថា លោកកំពុងស្រាវជ្រាវជាមួយក្រុមចម្រុះ ចុះវែកមុខអ្នកដែលឃុបឃិតគ្នាលក់ដីទិញដីអូរ ដីរួមបន្តទៀតហើយនៅថ្ងៃចន្ទ័សប្ដាហ៏ក្រោយ លោកនឹងរៀបចំកំលាំងចំរុះចុះទៅដកបង្គោលខ្លះៗដែលមានជនខិលខួចយកមកបោះនៅលើដីរដ្ឋដើម្បីវែកមុខអោយឃើញអ្នកហ៊ានទិញដីរដ្ឋ៕