រថយន្តដែលក្រុមខ្មាន់កាំភ្លើងជិះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញនៅព្រឹកនេះ នៅចំណុចផ្លូវលេខ ៤២ (ខាងកើតភ្នំរាប) ក្នុងភូមិស្វាយឧត្តម សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ដោយរថយន្តនោះត្រូវគេដោះផ្លាកលេខចេញ ។
ទោះជាយ៉ាងណាក៏ដោយ ស្លាកស្នាមនៃការខូចខាត ដោយការប៉ះទង្គិចគ្នា ក្នុងគ្រោះថ្នាក់ចរាចរណ៍ បានបន្សល់ជាការដាក់បន្ទុក សម្រាប់សមត្ថកិច្ច ដកហូត និងស្រាវជ្រាវបន្ត។
សមត្ថកិច្ច បានបញ្ជាក់ថាៈ រថយន្តនេះ ត្រូវបានគេដោះផ្លាកលេខចេញ ដោយចតអែបកៀនផ្ទះតែម្តង។ សមត្ថកិច្ច ក៏កំពុងសង្ស័យថា មានជាប់ពាក់ព័ន្ធ ជាមួយម្ចាស់ផ្ទះ ក្នុងភូមិស្វាយឧត្តម នេះផងដែរ ។
ម្ចាស់ផ្ទះនេះ អះអាងប្រាប់សមត្ថកិច្ចថាៈ កាលពីម៉ោងប្រហែល ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ គាត់បានធុំក្លិនឈ្ងៀម នៅជិតផ្ទះ ហើយគាត់ បានចេញមកមើល ក៏ឃើញបុរសម្នាក់ បានឡើងជិះម៉ូតូ ចេញទៅបាត់ ដោយទុករថយន្ត ចតចោលនៅទីនេះ។
ទោះបីជាយ៉ាងណា សមត្ថកិច្ច បានឃាត់ខ្លួនម្ចាស់ផ្ទះនេះ នាំយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់៕