សង្គម

កន្លែងព្យាបាលណា ដែលបន្តចេញវេជ្ជបញ្ជាសរសេរដោយដៃ នឹង​ប្រឈម​ការ​ផាកពិន័យ ឬ​ត្រូវ​បិទទ្វារ

ក្រសួងសុខាភិបាល​កម្ពុជា​កាលពីពេលថ្មីៗនេះ បានធ្វើ​ការ​ក្រើនរំលឹកទៅ​ដល់​ម្ចាស់​សេវាសុខាភិបាល​ឯកជនទាំងអស់ ត្រូវ​តែចេញវេជ្ជបញ្ជាដល់អ្នក​ជំងឺតាម​រយៈ​កុំព្យូទ័រ ដោយ​មិន​ត្រូវ​សរសេរដៃ​នោះ​ឡើយ ហើយអ្នក​ដែល​នៅ​បន្ត​ចេញ​វេជ្ជបញ្ជា​ដោយ​ដៃ អាចនឹង​ត្រូវ​ធ្វើការ​ផាកពិន័យ ឬ​ក៏​ដកអាជ្ញាប័ណ្ណ ព្រមទាំងបិទ​កន្លែង​ព្យាបាល​នោះតែម្តង។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ​២០១៦ ក្រសួងបានចេញ​សារាចរណែនាំ​មួយ ស្តីពី​ការ​ចេញ​វេជ្ជបណ្ឌា និង​លទ្ធផល​ពីមន្ទីរពិសោធន៍ ឬ​សេវាអមវេជ្ជសាស្រ្ត ។ ក្រោយ​ចេញសារាចរនោះ ក្រសួងសង្កេតឃើញថា មានកន្លែងព្យាបាល​ឯកជនមួយ​ចំនួន​បានអនុវត្ត​ត្រឹមត្រូវក្នុង​ការ​ចេញវេជ្ជបណ្ជាតាម​កុំព្យូទ័រ ហើយ​ទន្ទឹម​នេះ ក៏​មាន​កន្លែង​ព្យាបាល​ជំងឺ​ឯកជន​មួយ​ចំនួន​ទៀត នៅ​តែមិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំនេះ​ដែរ ដោយ​នៅ​តែ​បន្ត​ចេញ​វេជ្ជបណ្ជា​សរសេរ​ដោយដៃ ខ្ជីខ្ជា អាន​មិន​ដាច់ និង​មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​វេជ្ជសាស្រ្តទៀតផង។