សង្គម

ឱកាសបុណ្យគ្រីស្ទម៉ាស សម្តេចនាយករដ្ឋមន្រ្តី ស្នើ​ដល់បងប្អូនប្រជាពលរដ្ឋថែរក្សាសុវត្ថិភាពសុខភាព

ខណៈ​ថ្ងៃទី២៥ ខែធ្នូ នេះ ជាថ្ងៃបុណ្យគ្រីស្ទម៉ាស(Christmas) របស់បងប្អូនអ្នកគ្រីស្ទបរិស័ទ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បាន​បង្ហោះ​សារអបអរ និង​ផ្ញើសារ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​ថែរក្សា​សុវត្ថិភាព​សុខ​ភាពរបស់ខ្លួនផង។

សម្តេចតេជោបញ្ជាក់ថា ដោយសារប្រទេសយើងកំពុងតែស្ថិតក្នុងការប្រុងប្រយ័ត្នប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ដូច្នេះហើយបងប្អូនគ្រីស្ទបរិស័ទយើងមិនបានប្រារព្ធពិធីនេះឲ្យបានអធិកអធ័មនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួនដោយមានការប្រុងប្រយ័ត្នខ្ពស់។

សូមជូនពរបងប្អូនគ្រីស្ទបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ទន្ទឹមនឹងនេះ ក៏​សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារកុំអោយឆ្លងកូវីដ ១៩ ដោយពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព ហើយចំពោះបងប្អូនកូនក្មួយដែលកំពុងធ្វើចត្តាឡីស័ក សូមអនុវត្តឲ្យ​បានខ្ជាប់ខ្ជួនត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕