សង្គម

អ្នក​ដើរ​គៀបស៊ីលុយស្រីៗដែលជិះ​ម៉ូតូម្នាក់ឯង ឥឡូវសមត្ថកិច្ចរកឃើញហើយ ដោយថា គាត់មានសតិមិនប្រក្រតី

ក្រោយ​ប៉ុន្មានថ្ងៃកន្លងមកនេះ មាន​ការ​ចែកចាយ​នូវ​ព័ត៌មាន ដែលមាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូគៀបស៊ីលុយពីស្រីៗ​ដែលជិះ​ម្នាក់ឯងនៅ​ម្តុំ​ស្តុបកង​រាជអាវុធហត្ថ​ខណ្ឌទួលគោក ដោយយកលេសថា គេ​ជិះ​ម៉ូតូ​គៀគាត់នោះ, សមត្ថកិច្ចបានធ្វេីការកំណត់មុខសញ្ញាបុរសម្នាក់នោះ ដោយ​មាន​ឈ្មោះ ឡេង ប៉ោឆាយ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៥០៥E០​ ផ្លូវលេខ១២៨ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សាដេប៉ូ៣​ ក៏​បានអញ្ជេីញឈ្មោះ ឡេង ចិន្តា ភេទប្រុស អាយុ៥៦ឆ្នាំ ដែលត្រូវជាឪពុករបស់ឈ្មោះ ឡេង ប៉​ឆាយ​ ដោយបាននាំឈ្មោះ ឡេង ប៉ឆាយ​ មកកាន់ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ ដើម្បីធ្វើការសាកសួរ និងបំភ្លឺចំពោះមុខសមត្ថកិច្ច ហើយ​យោងតាមការបំភ្លឺអះអាងរបស់ឈ្មោះ ឡេង ចិន្តា ដែលជាឪពុកថា​ កូនប្រុសរបស់គាត់មានជម្ងឺផ្លូវចិត្ត (សតិមិនប្រក្រតី) តាំងពីអាយុ១៥ឆ្នាំមកម្ល៉េះ ហេីយគាត់បានយកកូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុម: ដោយបានបើកថ្នាំពីមន្ទីរពេទ្យក្នុង១ខែម្ដង យកមកលេបជាប្រចាំថ្ងៃ ហេីយគាត់ក៏បានបង្ហាញភស្តុតាងជាប័ណ្ណសុខភាពរបស់កូនគាត់ឈ្មោះ​ ឡេង​ ប៉ោឆាយ​ អត្តលេខ ជំងឺ 007-410-600-6 របស់មន្ទីរពេទ្យព្រះកុសុម: ផ្នែកពិគ្រោះជម្ងឺផ្លូវចិត្តទៀតផង​ ។

ជាមួយនោះដែរក៏មានលិខិតបញ្ជាក់របស់លោកចៅសង្កាត់ផ្សារដេប៉ូទី៣ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានធ្វើការបញ្ជាក់ថា៖ ឈ្មោះ ឡេង ប៉ោឆាយ ភេទប្រុស សញ្ជាតិខ្មែរ កេីតថ្ងៃ៣០​ ខែកញ្ញា ឆ្នាំ១៩៩៣​ ស្នាក់នៅផ្ទះលេខ៥០៥E០​ ផ្លូវលេខ១២៨ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពិតជាជនដែលមានស្មារតីមិនប្រក្រតី ឆេវឆាវគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ឡេឡារនៅមិនស្ងៀម និងឧស្សាហ៍វិលមុខ​ ៕