ព័ត៌មានបឋមពីខេត្តបាត់ដំបង បានឱ្យដឹងថា មានមនុស្សស្លាប់ចំនួន ៨នាក់ និង ៣នាក់ បានរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងរវាងរថយន្ត ២គ្រឿង គឺ រថយន្តតាក់ស៉ី និងរថយន្តដឹកទឹកកក កាលពីវេលាម៉ោងជាង ១១យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។
ករណីដ៏រន្ធត់នេះ បានកើតឡើងនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយរថយន្តទាំ ២គ្រឿងនោះបានបុកគ្នាយ៉ាងពេញទំហឹងក្នុងគោលដៅផ្ទុយគ្នា ក្នុងនោះរថយន្តតាក់ស៊ីឆ្លាមពណ៌ស ជិះគ្នាចំនួន ៩នាក់ បានស្លាប់ចំនួន ៧នាក់ និងរបួសចំនួន ២។ ចំណែករថយន្តដឹកទឹកកកមានអ្នកជិះចំនួន ២នាក់ ដោយម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស។
ទោះយ៉ាងនេះក៏ដោយ គេនៅមិនទាន់ដឹងថា ភាគីខាងណាជាអ្នកបង្កនៅឡើយទេ ប៉ុន្តែភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុផងដែរដើម្បីជួយសង្គ្រោះអ្នកដែលនៅរស់ ដឹកទៅមន្ទីរពេទ្យ ចំណែកអ្នកស្លាប់ ត្រូវបានវេចខ្ចប់ដើម្បីរង់ចាំសាច់ញាតិទៅទទួលសព៕