អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានធ្វើការព្រមានថា ការបាញ់សារធាតុ ឬទឹកសម្លាប់មេរោគ ឬអាល់កុល លេីសរីរាង្គមនុស្ស មិនអាចជួយប្រឆាំងនឹងវីរុសកូវីដ-១៩ នោះឡេីយ តែវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្ស លេីកលែងតែការលាងសំអាតដៃប៉ុណ្ណោះ។
លោកជំទាវបានលើកឡើងថា តាមអង្គការសុខភាពពិភពលោក គឺមិនត្រូវបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ឬសារធាតុសម្លាប់មេរោគទៅលើខ្លួនមនុស្ស នៅក្នុងគ្រប់កាលៈទេសៈ ព្រោះថា សារធាតុទាំងនេះ អាចធ្វើពុល ប្រសិនបើប៉ះមាត់ ហើយលេបចូលទៅអាចធ្វើឲ្យរំខាន រមាស់ ឬរលាកអាល់ឡែកហ្ស៊ីស្បែក ធ្វើឲ្យខូចស្បែក និងភ្នែករបស់មនុស្ស។
លោកជំទាវបញ្ជាក់ថា ថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាងសម្អាតផ្ទៃទីកន្លែងណាមួយតែប៉ុណ្ណោះ ហើយត្រូវចងចាំថា ត្រូវរក្សាសារធាតុគ្លរីន ឬសារធាតុសម្លាប់មេរោគផ្សេងទៀតឲ្យឆ្ងាយ និងផុតពីដៃក្មេង ប្រយ័ត្នគ្រោះថ្នាក់៕