ក្នុងសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២០ ភាគខាងជើងនៃប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងភាគខាងត្បូងនៃកម្ពុជា ទទួលឥទ្ធិពលសម្ពាធទាបសកម្មក្រវាញ លើកទី២៣, ហើយថ្ងៃទី២៤ -២៩ ខែធ្នូ កម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានមធ្យម។
ស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់រាលទំនាបកណ្តាល ពីថ្ងៃទី២៣-២៥ ខែធ្នូ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅបង្គួរ ហើយសីតុណ្ហភាពអាចនឹងធ្លាក់ចុះដល់ ១៩អង្សាសេ។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន នៅថ្ងៃទី២៣-២៥ ខែធ្នូ អាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម ហើយសីតុណ្ហភាពអាចនឹងធ្លាក់ចុះដល់ ១៧អង្សាសេ។
សម្រាប់តំបន់មាត់សមុទ្រ ពីថ្ងៃទី២៣-២៤ ខែធ្នូ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅបង្គួរ និងនៅផ្ទៃសមុទ្រអាចនឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ចំណែកសីតុណ្ហភាពអាចនឹងមានពី២០-២៣ អង្សាសេ៕