មន្ត្រីយោធាម្នាក់បានផឹកស៊ីឡើងស្រវឹងធ្លាក់ភ្នែក រួចបើករថយន្តក្នុងល្បឿនលឿន ហើយខុសគន្លងរបស់ការដ្ឋានដាក់លូ ក៏ជ្រុលទៅបុកប្តីប្រពន្ធ១គូកំពុងបើកម៉ូតូឌុបគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសប្ដីស្លាប់នៅនឹងកន្លែងមួយរំពេច រីឯស្រី្តជាប្រពន្ធរងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ មុខកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាប្តីមានឈ្មោះ សុន ណង់ អាយុ៣៦ឆ្នាំ មុខរបរធ្វើសំណង់ រស់នៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងជនរងគ្រោះជាឈ្មោះ យី សុខគី អាយុ៣២ឆ្នាំ ធ្វើការរោងចក្រ ។ ជនរងគ្រោះទាំង២ជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1R-7396 ។ ចំណែក រថយន្តបង្ក ម៉ាកឡិចស៊ីស LX450 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2I-7318 បើកបរដោយឈ្មោះ ភិន សុផន ភេទប្រុស ជាមន្រ្តីយោធា នៅអង្គភាពបញ្ជាការដ្ឋានកងទ័ពជើងគោក កងឯកភាពខុទ្ទកាល័យ ឋានន្តរស័ក្ត វរសេនីយ៍ទោ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបង្កបើករថយន្ត ក្នុងសភាពស្រវឹងស្រាជោកជាំ តាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូងល្បឿនយ៉ាងលឿន ចំណែកឯម៉ូតូរងគ្រោះ ពីត្បូងទៅជើងបញ្រ្ចាសទិសគ្នា លុះដល់ចំណុចកើតហេតុ ដែលជាចំណុចការដ្ឋានកំពុងដាក់លូផ្លូវមួយចំហៀងត្រូវបានបិទ គេដាក់រនាំងដែក ពុះចែកគន្លងផ្លូវជា២ សម្រាប់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ។ រថយន្តបានបើក មកគន្លងរបស់ម៉ូតូជនរងគ្រោះ បុកម៉ូតូជនរងគ្រោះ ពេញទំហឹងតែម្តង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ ដេកដួលនៅកន្លែងកើតហេតុគួរឲ្យសង្វេគ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយចាត់ចែងអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បន្ទាប់មកធ្វើការវាស់វែងយកយានយន្តពាក់ព័ន្ធ និងអ្នកបើករថយន្តបង្ក ក្នុងសភាពស្រវឹងស្រា ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីចាត់ការតាមនីតិវិធី ។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យ ដោយក្តីសោកអាល័យជាពន់ពេក៕