សង្គម

ក្រសួងសុខាភិបាលចេញវិធានការថ្មី ក្នុងការអនុវត្តវិធានការសុខាភិបាល និង​ការ​ធ្វើចត្តាឡីស័កសម្រាប់អ្នកការទូត និងមន្រ្តីអង្គការអន្តរជាតិ

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ បានធ្វើ​ការ​កែសម្រួលការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកការទូត និងមន្រ្តីអង្គការអន្តរជាតិទាំងអស់ ដែលកាន់ទិដ្ឋាការការទូត (Visa A)។

ក្នុងសេចក្តីប្រកាសនោះ បានបញ្ជាក់ថា គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ -១៩ តម្រូវឲ្យ ​អ្នកការទូត​ និង​មន្ត្រី​អង្គការ​អន្តរជាតិ​ដែល​កាន់​ទិដ្ឋាការ​ការទូត (Visa A​) ត្រូវ៖

១.​ មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព (Health Cartifica​) ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ ទទួលស្គាល់​ដោយ​ប្រទេស​សា​មី ដោយ​បញ្ជាក់​ថា​គ្មាន​កូ​វីដ-១៩ ដែលមាន​សុពលភាព​រយៈពេល ៧២ ម៉ោង​មុន​ពេល​ចេញដំណើរ​។ នៅពេល​មកដល់​កម្ពុជា ​អ្នក​ទាំងនោះ​ត្រូវ​ឆ្លងកាត់​ការ​យក​សំណាក​ ទៅ​ធ្វើតេស្ត​ដោយ​ក្រុម​គ្រូពេទ្យ​វិជ្ជាជីវៈ​កម្ពុជា​។

២. ស្ថាន​តំណាង​បរទេស​ និង​ក្រុមការងារ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា ​ត្រូវ​ធានា​លើ​ការ​ត្រួតពិនិត្យ ឲ្យបាន​ហ្មត់ចត់​ក្នុង​ការអនុវត្ត​របស់​ អ្នក​ទទួល​បាន​ទិដ្ឋាការ​ការទូត​កម្ពុជា (Visa A​) ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​ពេញលេញ​។ ក្នុងករណី​មាន​អ្នកដំណើរ​ណា​ម្នាក់​ ដែល​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ ក្រសួងសុខាភិបាល​ នឹង​បញ្ជូន​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ-១៩ ទៅ​មន្ទីរពេទ្យ​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។

៣. ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​ពេញលេញ​ នៅ​និវេសនដ្ឋាន​របស់​ស្ថានទូត​ ឬ​គេហដ្ឋាន​ដាច់ដោយឡែក​។ ក្នុង​ករ​ណ៏​អ្នកការទូត​ ដែល​មិន​ស្នាក់នៅ​ក្នុង​និវេសនដ្ឋាន​របស់​ស្ថានទូត​ ឬ​គេហដ្ឋាន​ដាច់ដោយឡែក​ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​ពេញលេញ​នៅ​សណ្ឋាគារ Himawan និង​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ស្ថានទូត​អង្គការ​អន្តរជាតិ​សា​មី​ និង​មន្ត្រី​សុខាភិបាល​ ដោយ​រាល់​ការ​ចំណាយ​ទាំងអស់​ជា​បន្ទុក​របស់​សាមីខ្លួន​ផ្ទាល់​។

៤. ក្នុងអំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​ពេញលេញ​ មិន​អនុញ្ញាត ឲ្យជួប​ភ្ញៀវ​ឡើយ​ និង៥.ការ​ធ្វើដំណើរ​ពី​ព្រ​លាន​យន្តហោះ​ ទៅ​និវេសនដ្ឋាន​របស់​ស្ថានទូត ​ឬ​គេហដ្ឋាន​ដាច់ដោយឡែក​ ត្រូវ​ប្រើប្រាស់​តែ​មធ្យោបាយ​ដឹកជញ្ជូន​របស់​ស្ថានទូត​ ឬ​អង្គការ​អន្តរជាតិ​ប៉ុណ្ណោះ​៕